(ភ្នំពេញ)៖ កីឡាការិនី ខាន់ ចេសា ដែលបានយកឈ្នះមេដាយមាសជូនកម្ពុជា ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) កាលពីដើមសប្ដាហ៍មកនេះ, នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បាននាំយកថវិកា ចំនួន១ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកីឡាការិនី ខាន់ ចេសា ដែលមានទឹកចិតសប្បុរស ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជួយដល់ជនងាយរងគ្រោះ និងរងគ្រោះបំផុតនៅកម្ពុជា។

លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានគូសបញ្ជាក់ថា កន្លងមកកាកបាទក្រហមកម្ពុជា បានប្រើប្រាស់ថវិការបស់សប្បុរសជន លើប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា លើសពីនោះបានប្រើប្រាស់ ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្តូងទឹកស្អាត ផ្ដល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ផ្ដល់ជូនអាជ្ញាធរមីន សាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន ពិសេសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន៦២៨ខ្នងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរ។

ទន្ទឹមនឹងនោះលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ក៏បានកោតសរសើរពីទឹកចិត្ដសប្បុរសចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាយើង។ពិសេសក៏បានស្ងើចសរសើរចំពោះសមត្ថភាពដ៏ឆ្នើម របស់ ខាន់ ចេសា ដែលបានយកមេដៃមាសជូនជាតិមាតុភូមិយើង។

ជាមួយគ្នានោះ កីឡាការិនី ខាន់ ចេសា ក៏បានសម្ដែងនូវការសប្បាយរីករាយ៉ាងខ្លាំង ដែលមានឱកាសចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជួយដល់ប្រជាពលរដ្ឋយើង ដែលត្រូវការយើងជួយជាចាំបាច់។

ខាន់ ចេសា គូសបញ្ជាក់ទៀតថា «ខ្ញុំពិតជាត្រេកអរណាស់ ​ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជានៅថ្ងៃនេះ ដោយបាននាំយកថវិកាមួយចំនួន ដែលខ្ញុំបានពីការប្រកួតស៊ីហ្គេម ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូន មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជួយដល់ប្រជាជនដែលងាយគ្រោះបំផុតនៅកម្ពុជា»