(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមអមដោយលោកស្រី Kerry Pelzman ដែលជាប្រធានថ្មី របស់ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិកកាំង ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជារហូតរៀងមក។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់, សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង គាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា វិស័យសុខាភិបាល, អប់រំ, បរិស្ថាន, កសិកម្ម, អភិបាលកិច្ច, ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងការបោសសម្អាតមីន ជាដើម ។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពី អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះជ័យជម្នះ ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័ស។
លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកឡើងអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកន្លងមក ក៏ដូចជា បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ (SEA GAMES) នៅកម្ពុជា ដែលជាមោទនភាពដ៏ជ្រាលជ្រៅ សម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើគ្រប់វិស័យរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគបៃតង និងថាមពល ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលរួមចំណែកក្នុងការរក្សាស្ថិរភាពនិងវិបុលភាពសេដ្ឋកិច្ចកម្ពុជា តំបន់ និងពិភពលោក ។
ឆ្លៀតក្នុងឱកាសនោះ, លោកស្រី Kerry Pelzman ក៏បានលើកឡើងថា ទីភ្នាក់ងារ USAID នឹងបន្តពង្រឹងភាពជាដៃគូ និងខិតខំបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាប្រកបដោយ ចីរភាព និងបរិយាប័ន្ន ដោយបន្តគាំទ្រលើវិស័យអាទិភាព រួមមាន៖ វិស័យសុខាភិបាល, ការអប់រំ, បរិស្ថាន, និងកសិកម្ម តាមរយៈការពង្រឹងភាពធន់ និងតម្លៃបំពេញបន្ថែម ដើម្បីបង្កើនការនាំចេញផលិផលកសិកម្ម និងលើកកម្ពស់សន្តិសុខស្បៀង ជាដើម ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដោយសម្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈ ការដាក់ឲ្យអនុវត្តនូវច្បាប់ស្ដីពីវិនិយោគ, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣, យុទ្ធសាស្ត្រអភិវឌ្ឍសហគ្រាសធនតូច និងមធ្យមឆ្នាំ២០២២-២០២៦ ជាដើម៕