(ភ្នំពេញ)៖ រយៈពេលប្រមាណ ១០ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសសរុប១៧៥ ចូលមកបោះទុនវិនិយោគ និងផ្តល់ឱកាសការងារជិត ៣ម៉ឺនកន្លែង ហើយទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់សហគ្រាសក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងក្នុងស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការសហការគ្នារវាងក្រុមហ៊ុន Hodo group ក្រុមហ៊ុន Wuxi Huatai Investment and Property Co., Ltd. និងក្រុមហ៊ុន Cambodia International Investment Development Group Co.,ltd។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាង នៅខែកុម្ភៈ ឆ្នាំ២០០៨។ ចាប់តាំងពីពេលនោះមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានពន្លឿនការសងសង់ជាបន្តបន្ទាប់។ ជាពិសេសចាប់តាំងពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ត្រូវបានលើកឡើងដប់ឆ្នាំកន្លងមក តំបន់សេដ្ឋកច្ចពិសេសបានឆក់យកឱកាសនេះ ខិតខំប្រឹងប្រែងឆ្ពោះទៅមុខ ក្លាយជាគម្រោងដ៏សំខាន់មួយនៃការកសាងរួមគ្នា «ខ្សែក្រវាត់ និងផ្លូវ» រវាងប្រទេសចិន និងកម្ពុជា។
១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ជាផ្លែផ្កាជាច្រើន, ១០ឆ្នាំនៃការសាងសង់ «ខ្សែក្រវាត់មួយ និងផ្លូវមួយ» ហើយក៏ជា ១០ឆ្នាំនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងការបន្តធ្វើឱ្យប្រសើរឡើងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សមិទ្ធផលក្នុងការទទួលខុសត្រូវផ្នែកឧស្សាហកម្ម ត្រូវបានពង្រឹងជាបន្តបន្ទាប់។ សមិទ្ធផលទាំងនោះមានដូចជា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ រោងចក្រចំហាយផ្គុំជាមួយអគ្គិសនី អគារអាផាតមិនបុគ្គលិក អន្តេវាសិកដ្ឋានសម្រាប់កម្មករនិយោជិតខ្មែរ មជ្ឈមណ្ឌលនេប៉ីហូដ ហ្សេនថើ ប៉ុស្តិ៍សុខភាពប៉ុណ្ណោះទេ ថែមទាំងកសាងមជ្ឈមណ្ឌលសេវាផ្នែកច្បាប់ វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យាក្រុងព្រះសីហនុ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិនខេត្តព្រះសីហនុ ព្រមទាំងរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងទីក្រុង ការរួមបញ្ចូលគ្នារវាង ឧស្សាហកម្ម និងការអប់រំ ដែលជំរុញគ្នាទៅវិញទៅមក។
១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានប្រកាន់ខ្ជាប់ការរួម បញ្ចូលគ្នារវាងការកសាងអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ខិតខំទាក់ទាញសហគ្រាសឧស្សាហកម្មយ៉ាងសកម្ម និងឈរមូលដ្ឋាន ដែលមានសហគ្រាសឧស្សាហកម្មអតិពលកម្មពីដើម ទាក់ទាញសហគ្រាសមាន ទ្រងទ្រាយធំ ឧស្សាហកម្មពឹងផ្អែកលើធនធានកំពង់ផែ និងឧស្សាហកម្មគាំទ្រក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មក្នុងតំបន់។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានអភិវឌ្ឍយ៉ាងខ្លាំង នៅឆ្នាំ២០១៣ មានសហគ្រាសរោងចក្រចំនួនសរុប៥៤ មានកម្មករនិយោជិតប្រមាណ ៩,០០០នាក់ បម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ន បានក្លាយទៅជាសួនឧស្សាហកម្មអន្តរជាតិ ដែលបានទាក់ទាញសហគ្រាស (ក្រុមហ៊ុន) ចំនួន១៧៥ មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដែលបានបង្កើតឱកាសការងារជិត ៣០,០០០កន្លែង។
ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញរបស់សហគ្រាសក្នុងតំបន់ បានកើនឡើងពី ១៣៩លានដុល្លារ ក្នុងឆ្នាំ២០១៣ ដល់ ២,៤៩៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលបានបង្កើនកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា បានក្លាយទៅជា «ក្បាលម៉ាស៊ីន» នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ និង «ចានបាយមាស» របស់ប្រជាជន។
រយៈពេល១០ឆ្នាំកន្លងមកនេះ ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានជំរុញការអភិវឌ្ឍន៍ភូមិជុំវិញរបស់តំបន់សេដ្ឋកិច្ចពិសេស។
លោក មាច ចាន់ មេឃុំបិតត្រាង បាននិយាយដោយក្តីរំជួលចិត្តថា «ដោយពឹងផ្អែក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជីវភាពរស់នៅរបស់អ្នកភូមិយើងខ្ញុំ កាន់តែសម្បូរធូរធា។ ពីមុនគ្រួសារនីមួយៗមានតែម៉ូតូមួយគ្រឿង ឬគ្មានម៉ូតូ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ អ្នកភូមិជាច្រើនបានបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រាក់ចំណូលមានការកើនឡើងជាបន្តបន្ទាប់ គ្រួសារខ្លះបានទិញម៉ូតូពីរ ទៅបីគ្រឿង ហើយគ្រួសារខ្លះបានទិញរថយន្តថែមទៀតផង។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានជំរុញការអភិវឌ្ឍន៍ឃុំបិតត្រាំង និងស្រុកព្រែនប់»។
លោក ប៉េ កិន ជាបុគ្គលិកដែលកំពុងបម្រើការងារនៅក្រុមហ៊ុនអេនថេរិកស៍ (ខេមបូឌា) អ៉ិនដាសស្ទៀល ដែលជាក្រុមហ៊ុនមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហុន។ លោក ប៉េ កិន ទទួលបន្ទុកក្នុងការជួសជុលម៉ាស៊ីន។ ធ្វើការនៅក្រុមហ៊ុនអស់រយៈពេល ៧ឆ្នាំមកនេះ លោកបានក្លាយពីបុគ្គលិកធម្មតាទៅជាប្រធានផ្នែក ប្រាក់ចំណូល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ននេះ លោក ប៉េ កិន បានប្តូរពីជិះម៉ូតូ ទៅជិះរថយន្ត ហើយបានសាងសង់ផ្ទះថ្មី ជីវភាពរស់នៅកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងនាមជាអ្នកភូមិមានដើមកំណើតនៅភូមិពូធឿង ដែលជាភូមិមួយស្ថិតនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក ប៉េ កិន ក៏បានឃើញស្រុកកំណើតរបស់លោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំនៅតែរងចាំថា ពីមុនផ្លូវនៅភូមិខ្ញុំតូចណាស់ សុទ្ធតែជាផ្លូវដី និងផ្ទះសាមញ្ញ អ្នកជិតខាងខ្ញុំខ្លះមានជីវភាពរស់យ៉ាងលំបាក។ ពេលនេះអ្វីៗទាំងអស់សុទ្ធតែខុសគ្នាពីមុន ជីវភាពរស់នៅរបស់អ្នកទាំងអស់គ្នា កាន់តែល្អប្រសើរ មនុស្សជាច្រើនបានរស់នៅផ្ទះធំ ហើយក៏មានហាងលក់ដូរជាច្រើននៅតាមផ្លូវ ផ្លូវក៏កាន់តែធំទូលាយ។ ដោយសារទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សព្វថ្ងៃនេះ ភូមិពូធឿង បានបាត់បង់ផ្ទះស្បូវ ហើយជំនួសមកវិញដោយផ្ទះថ្មចម្រុះពណ៌ នៅតាមដងផ្លូវពោរពេញដោយផ្សារទំនើប ហាងលក់ទូរស័ព្ទដៃ ហាងសម្លៀកបំពាក់ ហាងស្បែកជើង និងមួក និងឱសថស្ថានជាដើម។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននឹងកំពុងបញ្ចូលកម្លាំងក្នុងការជួយអ្នកភូមិ ឱ្យបោះជំហានទៅកាន់មាគ៌ាដ៏ធំទូលាយនៃជីវិតសម្បូរបែប»។
១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាក់ឫសយ៉ាងជ្រៅ ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន ទទួលបានផ្លែផ្កាដ៏ស្តុកស្តម្ភ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក តំបន់ពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍ «រួមគ្នាឈ្នះទាំងប្រាំបីភាគី» ជាមួយម្ចាស់ភាគហ៊ុន បុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ ដៃគូរសហការ រដ្ឋាភិបាល បរិស្ថាន និងសង្គម (សហគមន៍) និងប្រកាន់ខ្ជាប់ដើរតាមផ្លូវនៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព ដើម្បីស្រោចស្រពនូវផ្កានៃមិត្តភាពចិន-កម្ពុជា។ ប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព និងចាត់វិធានការជាក់ស្តែងដើម្បីស្រោចស្រពនូវផ្កានៃមិត្តភាពរវាងចិន និងកម្ពុជា។
ស្ថិតក្នុងដំណើរការអភិវឌ្ឍ និងសាងសង់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបំពេញទំនួលខុសត្រូវក្នុងសង្គម ហើយបានខិតខំផ្តល់ផលប្រយោជន៍នៃការអភិវឌ្ឍន៍ជូនទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន។ រួមទាំងការបរិច្ចាគថវិកាសាងសង់សាលារៀនក្នុងមូលដ្ឋាន បរិច្ចាគយ៉ាងសកម្មជូនដល់កាកបាទក្រហមកម្ពុជា ព្រមទាំងបានបរិច្ចាគអង្ករ ភួយ ទឹកពិសាជាដើម ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយនៅក្នុងស្រុកព្រៃនប់ ឃុំបិតត្រាំង និងបានបរិច្ចាគមុងដល់ស្ត្រីក្រីក្រ ថែមទាំងបរិច្ចាគគាំទ្រវិស័យអប់រំផងដែរ ដោយលើកទឹកចិត្តឱ្យបុគ្គលិកក្រុមហ៊ុន ទៅជួយសិស្សានុសិស្សក្រីក្ររហូតដល់ពេលពួកគាត់បានបញ្ចប់ការសិក្សា។
លើសពីនេះទៅទៀត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានធ្វើសកម្មភាពសប្បុរសធម៌ជារៀងរាល់ឆ្នាំតាមរយៈ «អង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន»។
ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានដើរតួនាទីជាស្ពានចម្លងយ៉ាងពេញលេញ ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ លើវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការថែទាំសុខភាព ការអប់រំ និងវប្បធម៌ ដែលបានលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជនរវាងកន្លែងទាំងពីរប្រកបដោយប្រសិទ្ធភាព។
ទាក់ទងនឹងវិស័យសុខាភិបាល រដ្ឋបាលប្រជាជនខេត្តជាំងស៊ូ បានបានបញ្ចូនក្រុមគ្រូពេទ្យជំនួយបរទេសខេត្តជាំងស៊ូ បានមកចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅខេត្តព្រះសីហនុ និងកន្លែងផ្សេងៗចំនួន៦លើកជាប់ៗគ្នា ហើយបានពិនិត្យ និងព្យាបាលអ្នកជំងឺក្នុងខេត្តព្រះសីហនុជិត ៨,៣០០នាក់។
បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវិត១៩ រដ្ឋបាលខេត្តជាំងស៊ូ បានបរិច្ចាគថ្នាំ Lianhua Qingwen ដល់រដ្ឋបាលខេត្តព្រះសីហនុ កាកបាទក្រហមខេត្តជាំងស៊ូ និងកាកបាទក្រហមទីក្រុងវូស៊ី បានបរិច្ចាគម៉ាស់ និងសម្លៀកបំពាក់ការពារជូនដល់កាកបាទក្រហមខេត្តព្រះសីហនុ។ រដ្ឋបាលប្រជាជនក្រុងវូស៊ី និង និងមន្ទីសុខាភិបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមគ្នាសាងសង់ប៉ុស្តិ៍សុខភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីផ្តល់សេវាព្យាបាលងាយស្រួលសម្រាប់បុគ្គលិកក្នុងតំបន់ និងអ្នកភូមិជុំវិញទីនេះ។
នៅខែធ្នូ ឆ្នាំ២០២១ មន្ទីរពេទ្យប្រជាជនក្រុងវូស៊ី និងប៉ុស្តិ៍សុខភាពក្នុងតំបន់ពិសេសក្រុងព្រះសីហនុ បានចាប់ផ្តើមរួមគ្នាអនុវត្តគម្រោងពិគ្រោះជំងឺ តាមប្រព័ន្ធវីដេអូពីចម្ងាយ។ សម្រាប់វិស័យអប់រំ រដ្ឋបាលខេត្តជាំងស៊ូ បានបរិច្ចាគបន្ទប់កុំព្យូទ័រជូនដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាងមិត្តភាពព្រះសីហនុ-ជាំងស៊ូ រួមទាំង បន្ទប់បង្រៀន ទីលានបាល់បោះ និងវេទិកាផ្គត់ផ្គង់ទឹក-ល-។
កាកបាទក្រហមខេត្តជាំងស៊ូ និងកាកបាទក្រហមទីក្រុងវូស៊ី បានបរិច្ចាគបណ្ណាល័យ សួនកុមារ បង្គន់អនាម័យជាដើម ដើម្បីកែលម្អបរិយាកាសបង្រៀនរបស់សាលាបន្ថែមទៀត។
នៅឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងចិន បានរួមគ្នាបើកយុគសម័យថ្មីនៃការកសាងសហគមន៍រួមជោគវាសនាតែមួយ ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងប្រទេសទាំងពីរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបន្តខិតខំប្រឹងប្រែងឆ្ពោះទៅមុខ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្យរវាងប្រទេសចិន និងកម្ពុជា ផ្តោតសំខាន់លើពន្លឿនលើកកម្ពស់ឧស្សាហូបនីយកម្ម អន្តរភាវូបនីយកម្ម និងមូលធននីយកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាពន្លឿនការរួមចញ្ចូលគ្នារវាងឧស្សាហកម្មនិងទីក្រុង រួមចញ្ចូលគ្នារវាងឧស្សាហកម្មនិងការអប់រំ ការរួមចញ្ចូលគ្នារវាងការអភិវឌ្ឍន៍នៃសហគ្រាស និងទំនួលខុសត្រូវសង្គម និងជំរុញការកសាងតំបន់សេដ្ឋកិច្ចពិសេសកម្រិត២.០ ប្រកបដោយគុណភាពខ្ពស់ ដើម្បីចូលរួមចំណែកក្នងការអភិវឌ្ឍន៍ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យាកម្ពុជា៕