(បាត់ដំបង)៖ ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ព្រមទាំងសហការី បាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នេះនាំយកទៀនវស្សា និងទេយ្យទានរបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១១វត្ត ស្ថិតក្នុងឃុំ អន្លង់វិល ឃុំរកា និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ទេយ្យទានដែលនាំយកទៅប្រគេនដល់វត្តទាំង១១ រួមមាន៖ ទៀនវស្សាចំនួន១១គូ, អង្ករ៥០គីឡូ១១បាវ, ទឹកសុទ្ធ១១កេស, ទឹកស៊ីអ៊ីវ ១១យួរ, ទឹកត្រី១១យួរ, ស្ករស៣គីឡូ១១កញ្ចប់, មី១១កេស, អំបិល៥គីឡូ ១១កញ្ចប់ បច្ច័យក្នុងមួយវត្ត១០ម៉ឺនរៀល ព្រមទាំងដូនជីតាជី ទាំង១១វត្ត ចំនួន៨០០,០០០រៀល សរុបជាទឹកប្រាក់ចំនួន ១៣,៨៥៣,០០០ រៀល។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម និងលោកជំទាវ ដែលជានិច្ចជាកាល សម្តេចតែងគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងជំរុញឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុ១៥ឆ្នាំ ត្រូវទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីជាប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋក្នុងការបំពេញការងារផ្សេងៗ៕