(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតក្នុងភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅចំពោះមុខលោកយាយ លោកតា និងក្មេងៗ លោក ធឹម សំអាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានជំរាបជូនប្រជាពលរដ្ឋ អំពីការអភិវឌ្ឍន៍ និងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ឋរបស់ប្រទេសជាតិ ពិសេសរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នៅក្នុងឱកាសនោះ លោក ធឹម សំអាន ក៏បានជំរាបជូនប្រជាពលរដ្ឋ លោកយាយ លោកតាផងដែរថា រូបលោក និងមន្ត្រីខណ្ឌ គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដូច្នេះបើប្រជាពលរដ្ឋជួបបញ្ហាលំបាក ឬបញ្ហាប្រឈមណាមួយ សូមអញ្ជើញទៅតាមសាលាសង្កាត់ ឬតាមស្នាក់ការភូមិ ឬស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតៗផ្ទះ ដើម្បីអាជ្ញាធរដោះស្រាយជូនភ្លាមៗ។
ជាមួយគ្នានោះ លោក ធឹម សំអាន ក៏បានណែនាំប្រជាពលរដ្ឋ រស់នៅស្អាត ផឹកស្អាត និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ព្រមទាំងបន្តចូលរួមអនុវត្តន៍ នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាព។
ក្នុងឱកាសនោះ លោក ធឹម សំអាន បាននាំទៅជាមួយនូវ អំណោយរួមមាន៖ ថវិកា២០,០០០រៀល, អង្ករ១បាវ ២៥គីឡូ, មី១កេស, ហើយបានឧបត្ថម្ភអ្នកគ្រូបង្រៀនសាលាមត្តេយ្យសហគមន៍ម្នាក់ ២០០,០០០រៀល និងសិស្ស១២នាក់ ម្នាក់ៗ ៥,០០០រៀល៕