(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) ដែលជាគណបក្សចាប់បដិសន្ធិថ្មីមួយនៅកម្ពុជា បានមើលឃើញថា គណបក្សសង្រ្គោះជាតិ បាននិងកំពុងធ្វើការកេងប្រវ័ញ្ចយកផលចំណេញផ្នែកនយោបាយពីសពរបស់លោក កែម ឡី អ្នកវិភាគបញ្ហា សង្គមនិងនយោបាយ។ គ.ប.ម បានមើលឃើញទៀតថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ កំពុងធ្វើចំពោះសពលោក កែម ឡី ដែលជាស្ថាប និក គ.ប.ម មួយដែរនោះ គឺជាឈុតឆាកសម្តែង ដោយគ្មានភាពស្មោះត្រង់ និង គោរពសពនោះឡើយ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាគណបក្សថ្មីមួយ ដែលបង្កើតឡើងដោយបណ្តុំនិស្សិតបញ្ញាវន្តមកពីបណ្តាញអង្គការសង្គមស៊ីវិល មានលោក យ៉េង វីរៈ ជាប្រធានបក្ស និងមានស្ថាបនិកបក្សជាបុគ្គលល្បីៗមួយចំនួនទៀត ដូចជាលោក យ៉ង សាំងកុមារ លោក សាម អ៉ីន និងលោក ប៉ោ សេដ្ឋា ជាដើម។ បក្សថ្មី ដែលមានទស្សនវិស័យអភិវឌ្ឍចាប់ពីមូលដ្ឋានមកនេះ ក៏មានការចូលរួមស្ថាបនាឡើង ដោយលោកបណ្ឌិត កែម ឡី ផងដែរ។
ការចាប់បដិសន្ធិរបស់គណបក្សមូលដ្ឋាន ធ្លាប់ត្រូវបានប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និយាយចំអកឲ្យជាបក្ស អំពិលអំពែក ជាបក្សបន្លាយួន ដែលបង្កើតឡើង ដើម្បីតែបំបែកសំលេងឆ្នោតបក្សប្រឆាំង។ លោក សម រង្ស៊ី ក៏ធ្លាប់បានចោទថា បក្សថ្មីមួយនេះ ជាកូនជឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចផងដែរ។
លោក ប៉ោ សេដ្ឋា មន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងគណបក្សថ្មីនេះ បានរំលឹកប្រាប់ Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះថា គណបក្សសង្រ្គោះជាតិ មិនត្រឹមតែវាយប្រហារលើគណបក្សប្រជាធិបតេយ្យមូលដ្ឋាននោះទេ តែថែមទាំង វាយប្រហារលើលោក កែម ឡី ថា ជាមនុស្សរបស់អ្នកនេះ របស់អ្នកនោះថែមទៀតផង។
លោក ប៉ោ សេដ្ឋា បានមើលឃើញថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដែលខិតខំជំរុញសកម្មជនការពារសពរបស់លោក កែម ឡី និងជំរុញឲ្យសមាជិកបក្សធ្វើការបុណ្យនៅតាមទីស្នាក់ការស្ទើរនៅទូទាំងខេត្តដូចជាការគោរពស្រឡាញ់អស់ពីបេះដូងនេះ គឺគ្រាន់តែជាការកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។
ប្រធានហិរញ្ញិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងបញ្ជាក់ដូច្នេះ «កាលមុនសុទ្ធតែចោទលោក កែម ឡី ហ្នឹង ជាមនុស្សរបស់ អ្នកនេះ របស់អ្នកនោះ ទៅបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីបំបែកសំលេង ដល់ឥឡូវស្រាប់តែមកថា លោក កែម ឡី ជាវីរៈជន ជាអ្នកស្នេហាជាតិទៅវិញ។ ហើយប្រមូលកៀងគរសមាជិកខ្លួនការពារសព កាន់ទុក្ខ និងធ្វើបុណ្យគក្រឹកគក្រេងនេះជាការ កេងប្រវ័ញ្ចលើសព ហើយព្យាយាមទាញលោក កែម ឡី ឲ្យទៅជាមនុស្សរបស់បក្សខ្លួនទៅវិញ»។
លោក ប៉ោ សេដ្ឋា បានមើលឃើញទៀតថា ការព្យាយាមពន្យារពេលមិនដង្ហែសពទៅស្រុកកំណើត ដើម្បីបញ្ចុះនេះ ក៏កំពុងស្តែងឲ្យ ឃើញពីចរិតនយោបាយថែមទៀត។ លោក ប៉ោ សេដ្ឋា បានហៅទង្វើទាំងនេះថា គ្រាន់តែជាឈុតឆាកសម្តែងរបស់បក្សប្រឆាំង ដែលតែងតែឆក់យកឱកាស ដើម្បីផលចំណេញសម្រាប់បក្សខ្លួន។
តែទោះបីជាយ៉ាងណាមរណភាពរបស់លោក កែម ឡី ក៏បានធ្វើឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានផលចំណេញផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ប៉ោ សេដ្ឋា។
លោក ប៉ោ សេដ្ឋា បានលើកឡើងថា ចំណេញក៏ដោយសារតែមរណភាពរបស់លោក កែម ឡី ជាស្ថាបនិកគណបក្សប្រជាធិបតេយ្យ មូល ដ្ឋានមួយរូបដែរនោះ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា មិនមែនជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ ដូច្នេះមហាជនអាចជ្រាបបានច្បាស់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាគណបក្សថ្មីមួយមានជំហរឯករាជ្យមានឆន្ទៈច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាជាតិ មិនចំណុះឲ្យគណបក្សនយោបាយណាមួយ ដូចការចោទប្រកាន់របស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិនោះឡើយ។
មន្រ្តីជាន់ខ្ពស់គណបក្សថ្មីនៅកម្ពុជារូបនេះ បានមើលឃើញទៀតថា មរណភាពរបស់លោក កែម ឡី បានធ្វើឲ្យគណបក្សប្រជាជន កម្ពុជា ដែលកំពុងកាន់អំណាចក្លាយជាគណបក្សរងគ្រោះ។ រងគ្រោះ ក៏ដោយសារមានមហាជនជាច្រើនសុទ្ធតែបានដាក់ការសង្ស័យថា គណបក្សកាន់អំណាចជាអ្នកនៅពីក្រោយខ្នង នៃអំពើឃាតកម្មនេះ។ ការវាយតម្លៃរបស់មហាជនបែបនេះ ក៏ដោយសារតែលោក កែម ឡី តែងតែធ្វើការរិះគន់លើសកម្មភាពរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និង បញ្ហានយោបាយ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ ពេលរូបលោកកំពុងចូលផឹកកាហ្វេនៅក្នុងស្តាម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅជាប់ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើង ដែលប្រើរហស្សនាម «ជួប សម្លាប់» ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដេញតាម ចាប់បានភ្លាមៗ នៅតាមវិថីព្រះសុធារស ជិតវត្តស្វាយពពែ ក្នុងខណ្ឌចំការមន ពេលជនដៃដល់មានស្រុកកំណើតក្នុងខេត្តសៀមរាប រូបនេះ ព្យាយាមរត់គេចខ្លួន។
រហូតមកដល់ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ មានរយៈពេលមួយសប្តាហ៍ទៅហើយ តែរបាយការណ៍លំអិតលើករណីឃាត កម្មបាញ់សម្លាប់ លោក កែម ឡី នៅមិនទាន់បង្ហាញនៅឡើយទេ។
លោក ប៉ោ សេដ្ឋា បានចាត់ទុកថា មរណភាពរបស់លោក កែម ឡី ជាការបាត់បង់នូវបញ្ញាវន្ត និងធនធានមនុស្សដ៏ល្អម្នាក់សម្រាប់ ជាតិកម្ពជា។ លោក ប៉ោ សេដ្ឋា ក៏បានចាត់ទុកមរណភាពរបស់លោក កែម ឡី គឺជាភាពរីករាយមួយសម្រាប់ប្រទេសវៀតណាម។
រីករាយ ក៏ដោយសារនៅក្នុងរយៈពេលចុងក្រោយនេះ លោក កែម ឡី បានធ្វើយុទ្ធនាការ ១០០រាត្រី ដែលយុទ្ធនាការនេះ លោកបាន ចុះទៅស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីពន្យល់ពីបញ្ហាទឹកដី និងដែនកោះជាដើម ជាមួយប្រទេសជិតខាងជាពិសេស ជាមួយប្រទេសវៀតណាម។
បើតាមលោក ប៉ោ សេដ្ឋា យុទ្ធនាការ ១០០រាត្រីនេះ មិនមែនជាការចង់បានរបស់វៀតណាមនោះឡើយ ព្រោះវៀតណាម មិនចង់ឲ្យមាន យុទ្ធនាការពន្យល់ប្រជាពលរដ្ឋខ្មែរលើបញ្ហាដីធ្លីនោះឡើយ៕
លោក ប៉ោ សេដ្ឋា ពេលទៅគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី