(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ រៀបចំពិធីសំណេះសំណាល និងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ០១ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» ក្រោមអធិបតីភាពលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប និងលោក លោកស្រីមកពីមន្ទីរអង្គភាពជុំវិញខេត្ត និងកម្មករ កម្មការិនី និយោជក និយោជិត និងតំណាងអង្គការដៃគូរផងដែរ។

ក្នុងឱកាសនោះដែរ លោក តោ គឹមស៊ាន បានលើកនូវខ្លឹមសារនៃសារជូនពរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ០១ឧសភា របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក អគ្គមគ្គុទ្ទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព បានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន៩ចំណុច ដោយបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជូនទៅដល់បងប្អូនកម្មករ កម្មការិនី រួមមាន៖
ទី១៖ ផ្ដល់ជូនកម្មការិនីដែលមានផ្ទៃពោះចាប់ពី ៣ខែឡើងទៅត្រូវបានចេញមុនម៉ោង ១៥នាទី។
ទី២៖ ផ្តល់ប្រាក់ខែអប្បបរមាដល់កម្មករ ក្នុងឆ្នាំ២០២៣ គឺ២០០ដុល្លារ បើកប្រាក់ខែ២ដងក្នុងមួយខែ។
ទី៣៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ទី៤៖ ផ្ដល់ជូនការពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាលកម្មករ-កម្មការិនី ដោយមិនបង់ប្រាក់។
ទី៥៖ ផ្តល់ចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស១០០ភាគរយ។
ទី៦៖ ផ្តល់ការតាមដានមើលបញ្ហាទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះបងប្អូនកម្មករ-កម្មការិនី នៅឆ្ងាយដែលមិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលរបស់ពួកគាត់កុំឱ្យមានការឡើងថ្លៃ។
ទី៧៖ ជាពិសេសទៅទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពកម្មករ-កម្មការិនី ក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។
ទី៨៖ ផ្តល់ជូនស្ត្រីមានផ្ទៃពោះសម្រាលកូន នឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ដោយទទួលបានប្រាក់ខែ១២០ភាគរយ។
ទី៩៖ ផ្តល់ជូនកម្មការិនីសម្រាលបានកូន គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ តែបើសម្រាលបានកូនភ្លោះ២ គឺទទួលបានថវិកា៨០ម៉ឺនរៀលទៀតផង។ បើសម្រាលបានកូនភ្លោះ៣ គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពី សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

លោកស្រី ម៉ននី រងី្ស បានលើកឡើងថា ស្ថិតក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំប្រទេសរក្សាបានសន្តិភាព ឯករាជ្យ អធិបតយ្យ បូរណភាពទឹកដីពេញលេញ និងនៅក្នុងដំណាក់កាលចុងក្រោយនេះ បានគ្រប់គ្រងស្ថានការណ៍ជម្ងឺកូវីដ-១៩ បានយ៉ាងល្អបំផុត ជាហេតុធ្វើឲ្យរក្សាបានអាយុជីវិត និងលំនឹងជីវភាពប្រជាជន។

លោកស្រី បានបន្តថា អង្គពិធីទាំងមូលត្រូវស្វែងយល់ឲ្យបានច្បាស់ថែមទៀត អំពីអត្ថន័យ នៃទិវាពលកម្មអន្តរជាតិ ០១ឧសភា ថាជាសមិទ្ធផលរបស់មនុស្សជាតិ ដែលបានបង្កើតឡើងនូវលក្ខខណ្ឌការងារជាស្តង់ដារមួយសម្រាប់អនុវត្ត នាពេលបច្ចុប្បន្ននេះ ទាំងនៅលើសកលលោក ក៏ដូចជានៅកម្ពុជាផងដែរ។

លោកស្រី បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងស្មារតីថ្ងៃទី០១ឧសភា ខួបលើកទី១៣៧ ឆ្នាំ២០២៣នេះ សូមអំពាវនាវដល់និយោជក កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ សូមរក្សាឲ្យបានការសាមគ្គីភាពផ្ទៃក្នុង រវាងនិយោជក និងកម្មករនិយោជិត ត្រូវមើលឃើញឲ្យច្បាស់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍សង្គមទាំងមូល និងត្រូវបង្កើតមនសិកាស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ចេះទទួលខុសត្រូវចំពោះភារកិច្ច របស់ខ្លួន ព្រមទាំងត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង ក្នុងការបង្កើនសកម្មភាពការងារបច្ចេក ទេសវិជ្ជាជីវៈ ដើម្បីការរីកចម្រើន និងមានអនាគតរឹងមាំភ្លឺស្វាង។

ម៉្យាងទៀតត្រូវខិតខំអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីរក្សាស្ថេរភាព របស់សហគ្រាសគ្រឹះស្ថាន និងជីវភាពរបស់កម្មករនិយោជិត និងត្រូវខិតខំពង្រឹងភាពសុខដុមនីយកម្មរវាងនិយោជក និងកម្មករនិយោជិត ដែលជាភាគីដៃគូដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ស្ថិរភាពសង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដូចប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា (កម្មករនិយោជិតត្រូវចាត់ទុកក្រុមហ៊ុនជាឆ្នាំងបាយ របស់ខ្លួន ហើយនិយោជកត្រូវចាត់ទុកកម្មករនិយោជិតជាដែគូជីវិតមិនអាចខ្វះបានឡើយ)។

ជាមួយនេះដែរ លោកស្រីអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនកម្មករ កម្មការិនី មន្ត្រីរាជការ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ៕