(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ កម្មវិធីនេះប្រព្រឹត្តទៅនៅរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានកម្មករ និយោជិត ចូលរួមចំនួន ៥០០នាក់ ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានមានមតិសំណេះសំណាលជាមួយបងប្អូន កូនក្មួយ ជាកម្មករ-កម្មាការិនី និយោជិត សហជីព និងនិយោជក នឹងបានថ្លែងអំណរគុណ និងបានកោដសសើដល់ថៅកែរោងចក្រ ដែលបានសហការរៀបចំពិធីនេះឡើង មួយវិញទៀតបានការអនុវត្តលក្ខណ្ឌការងារបានល្អ មានទំនាក់ទំនងល្អជាមួយ កូនក្មួយជាកម្មករ និយោជិត ដែលមានសហជីពនៅក្នុងរោងចក្រ ជួយសម្របសម្រួលបញ្ហាផ្សេងៗបានល្អទៀតផង។
លោកអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ជូន កូនក្មួយ ជាកម្មករ-កម្មាការិនី និយោជិត សហជីព និងនិយោជកថា កម្ពុជាសព្វថ្ងៃទទួលបានសុខសន្តិភាពពេញលេញ បានធ្វើឲ្យអ្នកវិនិយោគជាច្រើន មានទំនុកចិត្តមកប្រកបមុខរបរនៅកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋមានឱកាសការងារធ្វើគ្រប់ៗគ្នា ដោយឡែកខេត្តកំពង់ស្ពឺ យើងបច្ចុប្បន្នយើងមាន កម្មករ និយោជិត ជិត ១៦០,០០០នាក់ ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន នានា ដែលអាចផ្តល់ប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ កូនក្មួយជា កម្មករ និយោជិត ជូនដល់ខេត្តកំពង់ស្ពឺយើង បើគិតជាប្រាក់ប្រមាណជាង ៤០០លានដុល្លា ក្នុងមួយឆ្នាំៗ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា ដោយមានសុខសន្តិភាព នេះហើយទើបយើងទាំងអស់គ្នាមានការងារធ្វើ ទទួលបាកប្រាក់ខែច្បាស់លាស់ផ្គត់ផ្គង់គ្រួសារក្នុងនោះយើងក៏ត្រូវតែចូលរួមថែរក្សាការពារ សុខសន្តិភាពឲ្យខានតែបាន ដើម្បីកម្ពុជាបន្តការអភិវឌ្ឍន៍ រីកចំរើនរុងរឿង និងសុខសុវត្ថិភាពសង្គម។
លោកក៏សូមផ្តាំផ្ញើដល់កូនក្មួយទាំងអស់ និងនិយោជក ត្រូវចូលរួមអនុវត្តច្បាប់ស្តីពីការងារ មានបញ្ហាអ្វីសូមធ្វើការសម្របសម្រួលគ្នាដោយការយោគយល់ ក្រោមពាក្យស្លោក «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» ចំពោះ កូនក្មួយ ជាកម្មករ និយោជិត មានបញ្ហាដោះស្រាយមិនបាន សូមទំនាក់ទំនងទៅសហជីពមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងទៅ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីជួយសម្របឲ្យអស់ពីលទ្ធភាព ដោយមិនត្រូវធ្វើសកម្មភាពចេញតវ៉ាណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយមន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ចរង់ចាំ ជួយដល់កូនក្មួយពេលមានបញ្ហាម្តងៗ ប្រកបដោយក្រមសីលធម៌ ។
ក្នុងឱកាសនោះ បានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនដល់ កូនក្មួយ ដែលជាកម្មករ និយោជិត បានចូលរួមក្នុងពិធី ប្រកបដោយសេចក្តីសោមនស្សរីករាយ និងស្និតស្នាល ក្រោមម្លប់សន្តិភាព ៕