គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែកក្កដាម្សិលមិញ ស្លាប់មនុស្ស៨នាក់ និងរបួស៣៨នាក់
17-07-2016 08:48
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៤លើក) បណ្តាលអោយមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់១៧នាក់ និងរបួសស្រាល២១នាក់ នេះបើតាម ការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន២៧គ្រឿង រួមមាន ម៉ូតូចំនួន១៩គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង, រថយន្តធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, បត់គ្រោះថ្នាក់២លើក, ស្រវឹង៣លើក, មិនគោរពសិទ្ធិ៣លើក។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤,០៣០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៧៨៧គ្រឿង និងពិន័យសរុប ២,២៤៣ គ្រឿង ៕