(ភ្នំពេញ)៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បាននឹងកំពុងសិក្សាសមិទ្ធិលទ្ធភាព ឲ្យគ្រប់ជ្រុងជ្រោយ តាមស្តង់ដារបច្ចេកទេស និងមានលក្ខណៈសមស្រប តាមស្ថានភាពបច្ចុប្បន្ននៃប្រទេសកម្ពុជា។

នេះបើតាមការបញ្ជាក់ឱ្យដឹង នៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលដឹកនាំប្រជុំដោយលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីភាគីពាក់ព័ន្ធ។

ក្នុងនោះដែរអង្គប្រជុំបានជជែកពិភាក្សាលម្អិត លើផ្នែកបច្ចេកទេសនីមួយៗ ក្នុងការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្ន សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោក សូរ វ៉ិចទ័រ ក៏បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀត ទាក់ទងនឹងបញ្ហាបច្ចេកទេស ដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះផងដែរ៕