(កំពង់ធំ)៖ ផ្សារសហគមន៍កសិកម្មច្រនាងស្វាយភ្លើងអភិវឌ្ឍន៍ បានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបង្កើតទីផ្សារបន្ថែមសម្រាប់កសិករ និងជំរុញការបង្កើនផលិតកម្មកសិកម្ម ដែលជាការចូលរួមចំណែកលើកស្ទួយជីវភាពកសិករនៅខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីសម្ពោធនាថ្ងៃទី១០ ខែឧសភា ឆ្នាំ លោកស្រី ចែម ចាន់ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មច្រនាងស្វាយភ្លើងអភិវឌ្ឍន៍ បានលើកឡើងថា ការបង្កើតផ្សារសហគមន៍កសិកម្មច្រនាងស្វាយភ្លើងអភិវឌ្ឍន៍ឡើង ដើម្បីជាកន្លែងសម្រាប់ប្រមូលផ្តុំផលិតផលកសិកម្ម ក្នុងសហគមន៍កសិកម្ម និងជាតម្រូវការចាំបាច់របស់កសិករក្រុមផលិត។
លោកស្រីបន្តថា ផ្សារសហគមន៍កសិកម្ម ដែលមានបណ្តោយប្រវែង ១៥ម៉ែត្រ និង ទទឹង ៨ ម៉ែត្រនេះ ត្រូវបានបង្កើតឡើង ដោយមានការគាំទ្រថវិកាពីអង្គការហេហ្វឺកម្ពុជា ក្រោមគម្រោងកម្មវិធីសហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទកភាពជាតិកម្ពុជា (ភីភីអ៊ិនភី) ,UNDP និងពីក្រសួងកសិកម្មស្បៀងអាហារ និងកិច្ចការជនបទរបស់សាធារណៈរដ្ឋកូរ៉េ (MAFRA) ក្រោមគម្រោង ការលើកកម្ពស់ការប្រើប្រាស់បច្ចេកទេសវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍រូបនេះបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ សហគមន៍កសិកម្មច្រនាងស្វាយភ្លើងអភិវឌ្ឍន៍ មានសមាជិកចំនួន ២១៤នាក់ (ស្រ្តី១៦០នាក់) និងមានមុខរបរសំខាន់ៗ ដូចជា លក់ជីកសិកម្ម លក់ចំណីសត្វ លក់មាន់សាច់ លក់ស៊ុតមាន់ បន្លែ ឥណទានក្រុមផលិត និងឥណទានអាជីវកម្ម ទិញស្រូវធ្វើអង្ករ និងលក់មាន់អាំង។
លោកស្រីបានឱ្យដឹងថា ផ្សារសហគមន៍កសិកម្មនេះនឹងក្លាយជាទីកន្លែងប្រមូលផ្តុំ ទិញ លក់ទំនិញកសិកម្ម ផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញក្នុងសហគមន៍ និងខាងក្រៅសហគមន៍ ជាកន្លែងស្តុក វេចខ្ចប់ និងរក្សារទុកផលិតផល ដើម្បីជួយបង្កើនប្រភពចំណូល និងសេដ្ឋកិច្ចសហគមន៍ បង្កើនមុរបរបន្ថែមសម្រាប់សហគមន៍ លើកទឹកចិត្តដល់ក្រុមផលិតក្នុងសហគមន៍ និងកាត់បន្ថយចំណាកស្រុក។
លោក ស៊ីវ ឈឿន តំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានលើកទឹកចិត្តដល់សហគមន៍ឱ្យរៀបចំ និងបង្កើនក្រុមផលិតដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងអ្នកបញ្ជាទិញ។ ជាមួយគ្នាសហគមន៍ គួរបង្កើនទំនាក់ទំនងទៅកាន់ទីផ្សារ និងអ្នកបញ្ជាទិញខាងក្រៅឲ្យបានល្អ ដើម្បីឱ្យផ្សារសហគមន៍កសិកម្មដំណើរការល្អ។
លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺកម្ពុជា បានថ្លែងថា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មជាមួយរដ្ឋាភិបាល ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាកសិករ អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានចូលរួមពង្រឹង និងលើកកម្ពស់ការបង្កើនផលិតផលកសិកម្ម និងបង្កើនប្រាក់ចំណូលដល់កសិករតាមរយៈការបណ្តុះបណ្តាល និងផ្តល់ទុនវិនិយោគសំរាប់អនុវត្តសកម្មភាព មុខរបរកសិកម្ម ផ្តោតលើខ្សែច្រវ៉ាក់ផលិតកម្មនៃការចិញ្ចឹមមាន់ស្រែខ្មែរ បន្លែសុវត្ថិភាព និងត្រី។
អង្គការហេហ្វឺអន្តរជាតិកម្ពុជាបន្តជួយគាំទ្រសហគមន៍កសិកម្មពី ៥២ និងពង្រីកឲ្យបានរហូតទៅ ១១០ សហគមន៍កសិកម្ម ដើម្បីឈានទៅសម្រេចបាននៃការជួយគាំទ្រ កសិករចំនួន ៣០០,០០០ គ្រួសារ គិតត្រឹមឆ្នាំ ២០៣០។ ជាពិសេសគម្រោងកម្មវិធីនានារបស់អង្គការហេហ្វឺកម្ពុជានឹងជួយបង្កើនប្រាក់ចំណូលគ្រួសារចន្លោះពី ៤,៤៩០ ដល់ ៧,៧០០ ដុល្លាសហរដ្ឋអាមេរិកក្នុង១ឆ្នាំៗគិតត្រឹមឆ្នាំ ២០៣០។ ថ្មីៗនេះអង្គការហេហ្វឺបានផ្តល់ការគាំទ្រលើការវិនិយោគ ដោយមានការចូលរួមបដិភាគរបស់កសិករក៏ដូចជាសហគមន៍កសិកម្ម ដើម្បីប្រើប្រាស់សម្រាប់វិនិយោគទៅលើការកសាងផ្សារសហគមន៍កសិកម្ម ចំនួន ១១ កន្លែង និងទិញយានយន្តដឹកផលិតផលកសិកម្មចំនួន ១០ គ្រឿង។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា អង្គការហេហ្វឺកម្ពុជា និង UNDP បានសហការអនុវត្តគម្រោង «លើកកម្ពស់ការប្រើប្រាស់បច្ចេកទេសវិទ្យាថាមពលពន្លឺព្រះអាទិត្យ សម្រាប់វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា» ដើម្បីសាងសងផ្សារសហគមន៍កសិកម្មបន្ថែម ដែលគ្រប់គ្រងដោយសហគមន៍កសិកម្ម ដើម្បីផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញក្នុងសហគមន៍ និងខាងក្រៅសហគមន៍ រួមទាំង ជាទីកន្លែងប្រមូលផ្តុំ ទិញ លក់ទំនិញកសិកម្ម និងដឹកជញ្ជូនទំនិញកសិកម្ម ជាពិសេសដើម្បីសម្រេចបានការបង្កើនការផលិតមាន់ស្រែ បន្លែ និងត្រី ព្រមទាំងកិច្ចសហការណ៍ជួយគាំទ្រ ដល់សហគមន៍កសិកម្មចំនួន ៤ កន្លែង (មានសមាជិកចំនួន ១៣៧៩ គ្រួសារ)។
លោក ឈុំ សុវណ្ណនី តំណាងអង្គការ យូអ៊ីនឌីភី មានប្រសាសន៍ថា គម្រោងរបស់អង្គការយូអិនឌីភី បានផ្តោតលើការពង្រឹង កសិកម្មដែលបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ទីផ្សារ និង សូឡាបូមទឹក។
លោកបានបន្តថា «ផ្សារសហគមន៍នឹងជាកន្លែងប្រមូលផ្គុំនូវផលិតផលកសិកម្ម ជាពិសេស កសិករនឹងមិនបារម្មណ៍អំពីថ្លៃជួល តូបផ្សារ ប្រចាំខែនោះទេ ព្រោះយើងមានផ្សារសហគមន៍ខ្លួនឯង»។
សូមបញ្ជាក់ផងដែរថាតាមរយៈគម្រោង «លើកកម្ពស់ការប្រើប្រាស់បច្ចេកទេសវិទ្យាថាមពលពន្លឺព្រះអាទិត្យ សម្រាប់វិស័យកសិកម្មនិងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា» ដែលសហការអនុវត្តរវាង អង្គការហេហ្វឺកម្ពុជា និងUNDP និងទទួលបានការគាំទ្រពីក្រសួងកសិកម្មស្បៀងអាហារ និងកិច្ចការជនបទ របស់ សាធារណៈរដ្ឋកូរ៉េ (MAFRA) ផ្សារសហគមន៍កសិកម្ម ចំនួន៣ បន្ថែមទៀតនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅខេត្តកំពង់ធំ និងខេត្តសៀមរាប នៅខែឧសភា ឆ្នាំ ២០២៣នេះ៕