(ព្រៃវែង)៖ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត រួមគ្នាជាមួយព្រះសង្ឃ លោកយាយលោកតា ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យុវជនកាយរិទ្ធ កាកបាទក្រហម និង ស.ស.យ.ក ស្រុកមេសាង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមដាំកូនឈើក្នុងវត្តពោធិសាលា ហៅវត្តយាងតូច ស្ថិតក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បានចំនួន ៤០០ដើម ដោយក្នុងនោះរួមមាន ប្រភេទកូនឈើគគី ២០០ដើម កូនឈើធ្នុង ១០០ដើម និងកូនឈើក្រញូង ១០០ដើម។
ជាមួយនឹងការបន្លឺសម្លេងជយោឃោសព្រមៗគ្នា «មានដើមឈើ យើងមានជីវិត» លោក មែ ស៉ីថន ក្នុងនាមតំណាងឲ្យ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងការគោរពកោតសរសើរដោយមោទនភាពចំពោះការចូលរួម យ៉ាងកុះករពីសំណាក់ព្រះសង្ឃ លោកយាយលោកតា ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងយុវជន ទាំងអស់ ក្នុងការដាំកូនឈើសម្រាប់ជាផលប្រយោជន៍ បរិស្ថានក្នុងមូលដ្ឋាន ដែលនេះ គឺជាសក្ខីភាពនៃស្មារតីស្រលាញ់ បរិស្ថាននិងជាការជំរុញ ទឹកចិត្តដល់ពលរដ្ឋទូទៅ និងយុវជនដ៏ទៃទៀត ឲ្យចូលរួមថែរក្សាការពារបរិស្ថានជាមួយរាជរដ្ឋាភិបាល និងការដាំដុះកូនឈើបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ដល់សហគមន៍ និងកូនចៅជំនាន់ក្រោយ។
ក្រៅពីការផ្តល់កូនឈើប្រណិត ៤០០ដើម ដែលជាអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី នាឱកាសនោះក្រុមជំនួយ ការលោក ហ៊ុន ម៉ាណែត ក៏បាននាំមកជាមួយនូវអំណោយ ឧបត្ថម្ភមួយចំនួនរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ដោយក្នុងនោះរួមមាន ប្រគេនបច្ច័យសាងសង់វត្តពោធិសាលា ៥០ម៉ឺនរៀល ជូនលោកយាយ លោកតា ៧០នាក់ម្នាក់ៗទទួលបានក្រមា១ និងថវិកា ៥ពាន់រៀល ឧបត្ថម្ភរដ្ឋបាលសាលាស្រុកមេសាង ៣០ម៉ឺនរៀល សាលាឃុំជីផុច ២០ម៉ឺនរៀល សាលាបឋមសិក្សាយាងតូច ២០ម៉ឺនរៀល និងឧបត្ថម្ភក្រុមកីឡាបាល់ទាត់យុវជនស្រុកមេសាង ៦០ម៉ឺនរៀល។
លោកស្រី អូន សូនឿន អភិបាលរងនៃគណៈអភិបាលស្រុកមេសាង ជំនួសមុខប្រគេនព្រះសង្ឃគ្រប់ព្រះអង្គនិងប្រជាពលរដ្ឋ ទាំងអស់ក្នុងមូលដ្ឋាន សូមគោរពថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានផ្តល់កូនឈើសម្រាប់ ការដាំដុះនៅក្នុងទីអារាមនេះ ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងធម្មជាតិដ៏ស្រស់បំព្រងយើងនេះ៕