(តាកែវ)៖ បន្ទាប់ពីចំណាយពេលវេលាអស់រយៈពេល១៨ឆ្នាំ តស៊ូជាមួយគណបក្សប្រឆាំង នៅទីបំផុតលោក កង លាច អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខេត្តតាកែវ បានសម្រេចចិត្តចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីរក្សាសុខសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន, លោក កង លាជ បានរៀបរាប់ប្រាប់ពីការលះបង់ពេលវេលាដ៏យូរពោលចាប់តាំងពីឆ្នាំ២០០៥ ដែលលោកបានចាប់ផ្ដើមចូលបម្រើជាមួយគណបក្ស សម រង្ស៉ី ដោយមានតួនាទីជាប្រធានចលនា យុវជន និងជាសមាជិកក្រុមប្រឹក្សាខេត្ត។
ក្រោយពីមានការរូបរួមគ្នារវាងគណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស ដោយបង្កើតជាគណបក្សសង្រ្គោះជាតិ លោកក៏បានឈរឈ្មោះជាតំណាងរាស្រ្តមណ្ឌលតាកែវ ហើយបើទោះបីជាគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ លោកបានសម្រាកពីនយោបាយមួយរយៈហើយនៅពេលគណបក្សភ្លើងទៀន បានចាប់ផ្ដើមដំណើរការលោកក៏បានចូលរួមជាមួយគណបក្សភ្លើងទៀន ដោយទទួលតំណែងជាអនុប្រធានប្រតិបត្តិ គណបក្សប្រចាំខេត្តតាកែវ។
លោក កង លាច បានបន្តថា មូលហេតុដែលលោកសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀន ដោយសារតែលោកមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំនាវាកម្ពុជាឆ្ពោះទៅ រកការភិវឌ្ឍគ្រប់បែបយ៉ាង។ ម្យ៉ាងទៀតនៅក្នុងគណបក្សភ្លើងទៀន មានមន្រ្តីជាច្រើនបានរងអំពើអយុត្តិធម៌ និងប្រកាន់បក្សពួករវាងក្រុមក្រុមការងារថ្នាក់ជាតិ និងក្រុមការងារមូលដ្ឋាន ដែលក្នុងនោះក្រុមការងារមូលដ្ឋាន បានប្រឹងប្រែងធ្វើការ និងលះបង់គ្រប់បែបយ៉ាង តែផ្ទុយទៅវិញក្រុមការងារថ្នាក់ជាតិជាអ្នកទទួលផល ដោយឈលេខរៀងល្អទៅវិញ។
នៅក្នុងឱកាសនោះ លោក កង លាច ក៏បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអនុញ្ញាតឱ្យលោកបានចូលរួមបម្រើការងារជាមួយគណបក្សប្រជាជន ហើយលោកក៏បានអំពាវនាវ ដល់សមាជិកគណបក្សភ្លើងទៀននៅក្នុងខេត្តតាកែវទាំងអស់ សូមងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា និងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខ។
ដោយឡែកលោក ឆិល សាត អនុប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាលេខាធិការប្រតិបត្តិគណបក្សភ្លៀងទៀន ស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានលើកឡើងផងដែរថា ការសម្រេចចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺមានការបង្ខិតបង្ខំ ឬមានការអូសទាញពីមន្រ្តីគណបក្សប្រជាជននោះទេ ពោលគឺជាការសម្រេចចិត្តចូលរួមដោយខ្លួនឯង ដោយសារតែមើលឃើញទង្វើអយុត្តិធម៌នៅក្នុងគណបក្សភ្លើងទៀន ដែលប្រកាន់បក្ខពួក និងមានការើសអើងសមាជិកនៅក្នុងមូលដ្ឋាន៕