(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ដ្រាសុខាភិបាល (ស.វ.ស) បានរៀបចំ ពិធីសំណេះសំណាលជាមួយសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតស.វ.ស ប្រមាណជិត៤០០នាក់។

ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងរបស់លោក ហ៊ុន ម៉ានី។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យជំនួយ អៀង រ័ត្នមុនី សាកលវិទ្យាធិការរងតំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស, បានសម្តែងនូវគារវកិច្ចការស្វាគមន៍ចំពោះវត្តមានគណៈអធិបតី និងរាយការណ៍សង្ខេបពីវឌ្ឍនភាពនៃការយកចិត្តទុកដាក់ខ្ពស់របស់ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ក្នុងការជំរុញការចូលរួមសកម្មភាពមនុស្សធម៌ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំស.វ.ស, ដោយគិតមកដល់ថ្ងៃនេះមានមន្រ្តី បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានស្ម័គ្រចិត្តចូលរួមសរុប ២,៣២០នាក់។

លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតស.វ.ស ដែលបានចូលរួមស្ម័គ្រចិត្តយ៉ាងផុលផុសនេះ។

លោក លេង ផាលី បានរំលេចពីសក្តានុពល និងឧត្តមប្រយោជន៍កើតចេញពីការងារស្ម័គ្រចិត្តនេះ តាមរយៈការឈ្លេចយកនូវបទពិសោធន៍ជាក់ស្តែងនៃសកម្មភាពការងារ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី។ បន្ថែមពីនោះលោកបានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈដ៍ប្រពៃ នៃការចូលរួមសកម្មភាពមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មកពីស.វ.ស។

គួរជម្រាបជូនថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមចុះពិនិត្យអប់រំសុខភាព និងព្យាបាលជម្ងឺដោយពុំគិតថ្លៃ បានចំនួន ០៤លើករួចមកហើយ ដែលក្នុង០១លើកៗមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចូលរួម ពី១០០-១៥០នាក់ និងក្នុងបេសកកម្មការងារទាំង ៤លើកនេះ បានចូលរួមផ្តល់សេវាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសរុបចំនួនប្រមាណ ២៧,២៣៣នាក់៕