(កំពង់ឆ្នាំង)៖ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរភូមិឃុំ នាំយកអំណោយទៅចែកជូន លោកយាយ ២នាក់ ដែលមានជីវភាពក្រីក្រ និងកំពុងមានពិការភាព ស្ថិតនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកយាយទាំង២នាក់ខាងលើនេះមានឈ្មោះ ស៉ឹម ណុ ន អាយុ ៧៧ឆ្នាំ ជាស្ត្រីមេម៉ាយ មិនមានកូនចៅ បច្ចុប្បន្នរស់នៅជាមួយចៅស្រី និងលោកយាយម្នាក់ទៀតឈ្មោះ ពត នន អាយុ ៨៨ឆ្នាំ អំណោយដែលបាននាំយកទៅចែកជូនដល់លោកយាយទាំង ២នាក់ខាងលើនេះ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។

ជាមួយគ្នានោះផងដែរអាជ្ញាធរភូមិឃុំ រួមទាំងលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវៈនិតិសម្បទាខេត្ត ក៏បានរៀបចំធ្វើឯកសារសម្រាប់ឱ្យពួកគាត់បើកប្រាក់ជនមានពិការភាព ដែលឧបត្ថម្ភដោយរាជរដ្ឋាភិបាលដល់ពួកគាត់ទាំងពីរនាក់ សម្រាប់ដោះស្រាយជីវភាពរបស់ពួកគាត់ផងដែរ។

នៅក្នុងឱកាសនោះដែរលោក ឈាង ចន្ធី រួមនឹងអាជ្ញាធរភូមិ ឃុំ ក៏បានផ្ដាំផ្ញើដល់លោកយាយក៏ដូចជាកូនចៅទាំងអស់ ត្រូវមើលថែរក្សាពួកគាត់ឲ្យបានដិតដល់បើមានការខ្វះខាត ត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋានដើម្បីអាជ្ញាធរ និងចុះដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា៕