(ព្រះសីហនុ)៖ ក្រោយពីកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តរួចមក, នៅព្រឹកថ្ងទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកបន្តគម្រោងសាងសង់ បានចុះពិនិត្យវាយតម្លៃសំណង់ បុរី វី អាយ ភី ដោយសិក្សាលម្អិតតាមប្រភេទផ្ទះនីមួយៗ។
គួរបញ្ជាក់ថា ដោយមានបញ្ហាវិបត្តិជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនអតិថិជនបាត់បង់ទំនុកចិត្តដល់ម្ចាស់បុរី ហើយម្ចាស់បុរី មានការពាក់ព័ន្ធជាមួយម្ចាស់បំណុលផ្សេងទៀត ពេលនេះរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សម្រុះសម្រួលឱ្យ មានការឯកភាពគ្នារវាងភាគីម្ចាស់បំណុល និងក្រុមហ៊ុន បុរីវីអាយភី ដើម្បីបន្តការសាងសង់ជូនអតិថិជន។
រដ្ឋបាលខេត្តព្រះសីហនុ ព្យាយាមរកបញ្ហាប្រឈមដើម្បីរកដំណោះស្រាយជូនបងប្អូនអតិថិជន ភាគីម្ចាស់បំណុល និងក្រុមហ៊ុន។
តាមលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់គ្រោងសាងសង់ផ្ទះ ល្វែងសរុបចំនួន ៤,០០៥ល្វែង និងអគារចំនួន៨ តាមការពិនិត្យជាក់ស្តែង ម្ចាស់សំណង់សាង សង់បានចំនួន ១,៤៣៨ល្វែង ហើយម្ចាស់ផ្ទះបានបន្តសាងសង់ ខ្លួនឯងចំនួន ៣៨ល្វែង៕