(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋជាង១០០នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលពួកគាត់សុទ្ធតែជាអតីត អ្នកគាំទ្រគណបក្សភ្លើងទៀន ដើម្បីសម្ដែងនូវការស្វាគមន៍ និងបញ្ជ្រាបពីគុណតម្លៃសន្តិភាព និងកិច្ចខិតខំរបស់គណប្រជាជនកម្ពុជា។
កិច្ចសំណេះសំណាលនេះធ្វើនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ព្រមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារ។
បើតាមលោក ស៊ូ សាវ៉ាត តំណាងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាង១០០នាក់នេះ ជាអតីតអ្នកគាំទ្រគណបក្សភ្លើងទៀនជាមួយរូបលោក ហើយបច្ចុប្បន្នបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
តំណាងប្រជាពលរដ្ឋរូបនេះបានកោតសរសើរចំពោះលោកឧកញ៉ា ទៀ វិចិត្រ ថាជាអ្នកមានចិត្តមនុស្សធម៌ ជួយការងារសង្គមជារឿងយៗកន្លងមក ហើយប្រជាពលរដ្ឋក៏បានសម្តែងនូវមនោសញ្ចេតនារីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ទៀ វិចិត្រ។
លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ការជួបជុំគ្នានិងពិសារអាហារសាមគ្គីជាមួយគ្នាពេលនេះ បានមកដោយសារប្រទេសជាតិមានសុខសន្តិភាព មានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានលះបង់បូជាជីវិត កម្លាំងកាយចិត្ត ស្វែងរកសន្តិភាព រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសបានបន្តនិងបេ្តជ្ញាការពារសុខសន្តិភាពជូនជាតិមាតុភូមិតទៅមុខទៀត៕