(ភ្នំពេញ)៖ ស្ត្រីអ្នករកស៊ីលើវិស័យជំនួញដីធ្លីដ៏ល្បី និងជាស្ថាបនិករបស់ក្រុមហ៊ុនលក់ដីឡូត៍មានឈ្មោះ «សុវណ្ណភូមិអចលនទ្រព្យសៀមរាប វីឡា នៅខេត្តសៀមរាប» ដែលគេស្គាល់ថាលោកស្រីថៅកែដីឡូត៍ ជីវ ណារ៉ា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក សាន ប៊ុនធឿន បានចេញដីកាសម្រេចបង្គាប់ឱ្យសមត្ថកិច្ចយកទៅឃុំខ្លួនដាក់ពន្ធនាគាព្រៃស កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ពីបទ «រំលោភលើទំនុកចិត្ត» តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
ស្ត្រីអ្នកជំនួញដីធ្លីដែលរកស៊ីឆបោកគេនេះឈ្មោះ ជីវ ណារ៉ា កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ និងមានទីកន្លែងកំណើតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកទីលំនៅមុនពេលត្រូវឃាត់ខ្លួន ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានធ្វើការចាប់ខ្លួនស្ត្រីជាប់ចោទរូបនេះ កាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ហើយត្រូវបានគេបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញភ្លាមៗ ពីបទរំលោភលើទំនុកចិត្ត លើអនិកជននៅអូស្ត្រាលី ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា៦០ម៉ឺនដុល្លារ។
បើយោងតាមដីកាដែលសម្រេចឃុំបង្គាប់ឱ្យឃុំខ្លួនស្ត្រីអ្នកជំនួញដីធ្លីរូបនេះ ដែលបញ្តាញអង្គភាពព័ត៌មាន Fresh News ទទួលបាន បានមានខ្លឹមសារបញ្ជាក់ថា «ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្ត» ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិត នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រព្រិត្តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ស្ត្រីឈ្មោះ ឈ្មោះ ជីវ ណារ៉ា បានរំលោភលើទំនុកចិត្ត ដោយបានទទួលលុយពីអនិកជន នៅអូស្ត្រាលីនូវរង្វង់ទឹកប្រាក់ប្រមាណ៦០ម៉ឺនដុល្លារ ដើម្បីទៅរកទិញដីសម្រាប់ពុះគម្រោងជាដីឡូត៍ ស្ថិតនៅក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប៉ុន្តែស្ត្រីអ្នកជំនួញរូបនេះមិនស្មោះត្រង់ដោយរំលោភលើទំនុកចិត្តភាគីដើមបណ្តឹងដែលជាជនរងគ្រោះក្នុងរឿង នេះជាច្រើននាក់ដែលពួកគាត់ភាគច្រើនរស់នៅប្រទេសអូស្ត្រាលី៕