(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភគាំទ្ររបស់ដៃគូសុខាភិបាលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក អភិវឌ្ឍន៍វិស័យសុខាភិបាល ឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន និងបានសំណូមពរឱ្យដៃគូទាំងអស់ បន្តសហការគាំទ្រក្រសួងសុខាភិបាល ដើម្បីបំពេញបេសកកម្មសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចិរភាព និងការគ្របដណ្តប់សុខភាពជាសកល តាមគោលដៅដែលបានគ្រោងទុក។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសសម្រាប់វិស័យសុខាភិបាល (Technical Working Group for Health Sector) រួមជាមួយលោកវេជ្ជបណ្ឌិត Pascal Ringwald តំណាងស្ដីទីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងមានការចូលរួមពីថ្នាក់ដឹកនាំ រួមទាំងសមាជិក សមាជិកានៃគណៈកម្មការ បច្ចេកទេសសម្រាប់វិស័យសុខាភិបាល និងដៃគូសុខាភិបាលពាក់ព័ន្ធទាំងអស់។

លោករដ្ឋមន្ត្រីបានគូសរំលេចថា ក្រុមការងារបច្ចេកទេសសុខាភិបាល គឺជាយន្តការសម្របសម្រួល រវាងក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍទាំងអស់ ដែលត្រូវបានបង្កើតឡើងតាំងពីទសវត្សទី៩០ និងបានដំណើរការកិច្ចប្រជុំប្រចាំ ខែជាទៀងទាត់ ប៉ុន្តែត្រូវបានអាក់ខានក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងគោលបំណង ដើម្បីធានានូវកិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ជំនួយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ថ្លែងបន្ដថា «ការចូលរួមរបស់ដៃគូសុខាភិបាលពាក់ព័ន្ធទាំងអស់ គឺបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ដូចនេះសូមសំណូមពរឱ្យដៃគូទាំងអស់ បន្តសហការគាំទ្រក្រសួងសុខាភិបាល បំពេញបេសកកម្មសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចិរភាព និងការគ្របដណ្តប់សុខភាពជាសកល តាមគោលដៅដែលបានគ្រោងទុក»

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ បានទទួលជោគជ័យ និងអាចបើកដំណើរការប្រទេសឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយការបរទេសដ៏រស់រវើករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមេបញ្ជាការ ដឹកនាំ ចង្អុលបង្ហាញផ្ទាល់ កៀរគរការចូលរួមរបស់សង្គមជាតិទាំងមូល រួមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ ដូចជាអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕