(ភ្នំពេញ)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបានចំនួន១៣គណបក្សហើយ ខណៈគណបក្សចំនួន៧ទៀត អង្គភាពជំនាញកំពុងពិនិត្យ និងអនុវត្តតាមនីតិវិធីផ្សេងៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនាថ្ងៃទី១១ ខែឧសភានេះ គ.ជ.ប បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន២គណបក្ស។
អង្គប្រជុំ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សចំនួន២បន្ថែមទៀត៖ ទី១-គណបក្សឯកភាពជាតិខ្មែរ ដែលមាន៧មណ្ឌលរាជធានី-ខេត្ត និងទី២-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមាន១២មណ្ឌលរាជធានី-ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សទាំង២នេះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបានចំនួន១៣គណបក្សនយោបាយ ក្នុងនោះរួមមាន៖
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សយុវជនកម្ពុជា
៣. គណបក្សខ្មែររួបរួមជាតិ
៤. គណបក្សធម្មាធិបតេយ្យ
៥. គណបក្សកម្លាំងប្រជាធិបតេយ្យ
៦. គណបក្សសញ្ជាតិកម្ពុជា
៧. គណបក្សខ្មែរតែមួយ
៨. គណបក្សខ្មែរអភិរក្ស
៩. គណបក្សហ្វ៊ុនស៉ិនប៉ិច
១០. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១១. គណបក្សបំណងពលរដ្ឋ
១២. គណបក្សឯកភាពជាតិខ្មែរ
១៣. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
នៅមានគណបក្សនយោបាយចំនួន៧ទៀត ដែលអង្គភាពជំនាញកំពុងពិនិត្យ និងអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីដាក់ជូន គ.ជ.ប សុំការពិនិត្យ និងសម្រេច ក្នុងនោះរួមមាន៖
១. គណបក្សស្ត្រីដើម្បីស្ត្រី
២. គណបក្សខ្មែរឈប់ក្រ
៣. គណបក្សភ្លើងទៀន
៤. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៥. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
៦. គណបក្សមហាសាមគ្គីជាតិខ្មែរ
៧. គណបក្សកសិករ
នាកិច្ចប្រជុំខាងលើនោះ គ.ជ.ប បានកែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
អង្គប្រជុំក៏បានកែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្តីសម្រេចស្តីពីការផ្ទេរឈ្មោះអ្នកបោះឆ្នោតដែលជាបេក្ខជន សហព័ទ្ធ និងកូនក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕