(ព្រៃវែង)៖ នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្តព្រៃវែង រួមទាំងមន្រ្តីរាជការ កងកម្លាំងទាំងបី បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលទស្សនាផ្ទាំង LED នៅការប្រកួតកីឡាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា រវាង «កម្ពុជាទល់នឹងឥណ្ឌូនេស៊ី» ដែលផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្រុងព្រៃវែង។ លោកអភិបាលខេត្ត បានអញ្ជើញចូលរួមទស្សនា គ្រប់ការប្រកួតកីឡាផ្សេងទៀតជារៀងរាល់ថ្ងៃផងដែរ។

ដោយការរៀបចំនេះ គឺធ្វើឡើងដើម្បី ជាទស្សនីយភាពមួយដល់បងប្អូនប្រជាពលរដ្ឋ ដែលគាត់មិនមានឱកាសសម្រាប់ទៅទស្សនាផ្ទាល់ ដោយគាត់ក៏អាចអញ្ជើញទស្សនាដោយផ្ទាល់ អំពីការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា នៅព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុង ប្រទេសកម្ពុជាយើងនេះ។

មិនត្រឹមតែមានការរៀបចំនៅក្នុងខេត្តតែប៉ុណ្ណោះទេ រដ្ឋបាលស្រុកនានា នៃខេត្តព្រៃវែង ក៏បានរៀបចំនូវផ្ទាំងស្លាយសម្រាប់ប្រជាពលរដ្ឋនៅតាមស្រុករបស់ខ្លួនអញ្ជើញទស្សនា និងចូលរួមអបអរសាទរ នៅព្រឹត្តិការណ៍ដែលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាយើងដែលបានរៀបចំនូវព្រឹត្តិការណ៍មួយនេះផងដែរ។

ចំពោះព្រឹត្តិការណ៍មួយនេះផងដែរ បងប្អូនប្រជាពលរដ្ឋក៏បានអញ្ជើញមកទស្សនាយ៉ាងច្រើនកុះករ ហើយក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលបានរៀបចំឲ្យព្រឹត្តិការណ៍នេះ ហើយបងប្អូនប្រជាពលរដ្ឋគាត់ លើកឡើងបន្ថែមថា ទាំងនេះគឺកើតចេញពីប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ៕