(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម និងព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ Charles III នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្វាយព្រះពរយ៉ាងស្មោះស្ម័គ្របំផុតចំពោះព្រះមហាក្សត្រ Charles III និងថ្វាយព្រះពរចំពោះរាជ្យសម្បត្តិដ៏រុងរឿង ដែលនឹងផ្តល់ជូនប្រជាជននៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង កាន់តែមានសុភមង្គល និងវិបុលភាព។

ក្នុងពិធីដែលបានធ្វើឡើង នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ព្រះមហាក្សត្រ Charles III ជាអ្នកតស៊ូមតិមិនចេះនឿយហត់សម្រាប់បុព្វហេតុដ៏ថ្លៃថ្នូជាច្រើន រួមទាំងការអភិរក្សបរិស្ថាន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបញ្ហាមនុស្សធម៌ ហើយកម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយចក្រភពអង់គ្លេស ដោយផ្អែកលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសទាំងពីរ បានអភិវឌ្ឍកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្តូរជាញឹកញាប់នៃដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ហើយឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រទាំងពីរ ដែលបានប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត។

លោកទេសរដ្ឋមន្រ្តី បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ចំពោះការសម្របសម្រួលដ៏មានតម្លៃ ក្នុងការជំរុញកិច្ចសន្ទនារវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសកម្ពុជា និងចក្រភពអង់គ្លេស លើវិស័យផ្សេងៗដូចជាពាណិជ្ជកម្ម កិច្ចការបរទេស បរិស្ថាន និងវិស័យការពារជាតិ ជាដើម ព្រមទាំងបានថ្លែងអំណរគុណដល់ក្រភពអង់គ្លេសចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជាច្រើន រួមទាំងការអប់រំ សកម្មភាពបោសសម្អាតមីន ពាណិជ្ជកម្ម សុខភាព បរិស្ថាន ក៏ដូចជាការប្រគល់នូវមរតករបស់កម្ពុជាមកវិញកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះគ្រឿងអលង្ការមាស និងលោហៈដ៏មានតម្លៃសរុបចំនួន ៧៧ ដុំ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា គម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ដែលទើបនឹងដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ គឺជាគោលនយោបាយពាណិជ្ជកម្ម ដែលអាចនឹងជួយឱ្យកម្ពុជាបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ទោះបីជាការពិតដែលថាពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគី ត្រូវបានរំខានដោយ Covid-19 ក៏ដោយ ទិន្នន័យចុងក្រោយបំផុតស្តីពីពាណិជ្ជកម្ម និងទេសចរណ៍បានត្រលប់មកជិតដូចដើមទៅនឹងអំឡុងពេលមុនកូវីដ។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងថ្ងៃដ៏វិសេសនេះ មិនត្រឹមតែប្រារព្ធពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ Charles III ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីភាពជាដៃគូដែលស្ថិតស្ថេររវាងកម្ពុជា និងចក្រភពអង់គ្លេស។ កម្ពុជា នៅតែដឹងគុណចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជំនួយមកកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយកម្ពុជាទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស សម្រាប់ឆ្នាំខាងមុខៗទៀត ដើម្បីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទរវាងប្រទេសទាំងពីរ និងដើម្បីសេចក្តីសុខ សេចក្តីចម្រើន នៃប្រជាជាតិទាំងពីរ៕