(ភ្នំពេញ)៖ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដែលធ្វើឡើងនៅទីក្រុងឡាប៊ួនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

កិច្ចប្រជុំសំខាន់ៗនោះ រួមមាន៖

លោក កៅ គឹមហួន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។ នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាធិការអាស៊ានបានបង្ហាញពីបច្ចុប្បន្នភាពជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃដំណើរការកសាងសហគមន៍អាស៊ាន។

លោកអគ្គលេខាធិការបានចូលរួមក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន។ ជំនួបនេះគឺជាវេទិកាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

លោក កៅ គឹមហួន បានចូលរួមក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន។

លោកក៏បានបន្តចូលរួមក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ ជំនួបនេះបានផ្លាស់ប្តូរមតិរិះរកវិធីជាក់លាក់ដើម្បីបង្កើន និងទាក់ទាញឱ្យមានសកម្មភាពធុរកិច្ចកាន់តែច្រើននៅក្នុងតំបន់។

នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចំនួន៥ ជាមួយថ្នាក់ដឹកនាំអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Reuters អំពីការវិវត្តន៍ថ្មីៗចុងក្រោយបង្អស់នៅក្នុងអាស៊ាន ជាពិសេសដំណើរការកសាងសហគមន៍អាស៊ាន៕