(អង់ការ៉ា)៖ លោក Muhammed Fethullah Gülen ជនជាតិតួកគី កើតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ១៩៤១ ជាអ្នកប្រាជ្ញនយោបាយ, អ្នកនិពន្ធ, និង ជាអ្នកនយោបាយដ៏លេចធ្លោម្នាក់ផងដែរ មុនពេលដែលលោកធ្វើដំណើរនិរទេសខ្លួន ទៅរស់នៅទីក្រុង Saylorsburg នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
លោកគឺជាស្ថាបនិកនៃចលនា Gulen ដែលគេស្គាល់ថា Hizmet ជាភាសាតួកគីមានន័យថា ជំនួយ។ លោក Gulen ក៏ជាអ្នកបង្រៀនសៀវភៅកំណែ Hanafi នៃសាសនាអ៊ីស្លាម រហូតដល់គ្រប់គ្នាទទួលស្គាល់ លោកថា អ្នកប្រាជ្ញមូស្លីមនីកាយ ស៊ុននី។ ក្រោយមកទៀត លោកបានបង្កើនការយល់ដឹងផ្នែកវិទ្យាសាស្ត្រ និងបង្កើតឲ្យមានកិច្ចសន្ទនាអន្តរសាសនាអ៊ីស្លាម ដែលបានបង្ហាញពីការស្រឡាញ់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់លោកផងដែរ។
កន្លងមកលោកតែងតែបានចួលរួមនៅក្នុង កិច្ចជជែកពិភាក្សាបញ្ហាសង្គម ដែលភាគច្រើនលោកបាន បង្ហាញទៅកាន់បណ្តាអ្នកគាំទ្ររបស់លោក អំពីការ ព្រួយបារម្ភលើអនាគត ប្រទេសតួកគី និងសាសនា អ៊ីស្លាមដែលត្រូវតស៊ូក្នុងពិភពទំនើប។ លោកតែងតែធ្វើការអប់រំ មិនមែនសម្រាប់តែប្រជាជនមូស្លីមនៅ តួកគីប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺគោលដៅសម្រាប់ពិភពលោកទាំងមូល។
កន្លងមកលោកក៏ធ្លាប់ស្និទស្នាលជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ផងដែរ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៣មក សម្ព័ន្ធមិត្តនេះត្រូវបានប្រេះស្រាំ បន្ទាប់ពីរដ្ឋាភិបាលតួកគី បានចោទប្រកាន់លោក Gulen ថាបានប្រព្រឹត្តអំពើពុករលួយ ហើយក៏បង្ខំចិត្តទៅរស់នៅសហរដ្ឋអាមេរិក។
បច្ចុប្បន្នតុលាការព្រហ្មទណ្ឌតួកគី បានចេញដីកាចាប់ខ្លួនលោក Gulen ក្រោមបទចោទប្រកាន់ថា ជាអ្នកដែលស្ថិតនៅពីក្រោយការបំផុសបំផុលឲ្យមាន រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក Erdogan។ ខណៈនេះ រដ្ឋាភិបាលតួកគីកំពុងទាមទារការធ្វើបត្យាប័ននាំខ្លួនលោក Gulen ពីសហរដ្ឋអាមេរិក៕