(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៉ី នៅហ្គ្រេនភ្នំពេញ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

ទីតាំងបញ្ចាំងស្លាយនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញមកទស្សនា ដោយផ្ទាល់ជាមួយទឹកមុខយ៉ាងសប្បាយរីករាយយ៉ាងខ្លាំង។

គួរឱ្យដឹងថា ការបញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់នៃព្រឹត្ដិការណ៍ស៊ីហ្គេម លើកទី៣២ នៅក្នុងប្រទេសកម្ពុជា បានរីករាលដាល រហូតទៅដល់តាមភូមិ-ឃុំ-ស្រុក។

នេះជាការបង្ហាញពីការគាំទ្រ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចំពោះព្រឹត្ដិការណ៍ស៊ីហ្គេម លើកទី៣២ នៅក្នុងប្រទេសកម្ពុជា ដែលមានរៀបចំបញ្ចាំងស្លាយ តាំងពីថ្នាក់រាជធានី រហូតដល់តាមភូមិ-ឃុំ-ស្រុក។

ការរៀបចំនេះឆ្លើយតបទៅការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលឱ្យអាជ្ញាធររាជធានី-ខេត្ត ទូទាំងប្រទេសរៀបចំការបញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់នៃព្រឹត្ដិការណ៍ស៊ីហ្គេម៕