(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្ដមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានដឹកនាំ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តព្រៃវែង ចុះចែករំលែកបទពិសោធន៍ការសិក្សា ដល់សិស្សានុសិស្ស១៧០នាក់ នៃវិទ្យាល័យក្នុងស្រុកពាមរក៌ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងជា២ផ្នែក គឺទី១ផ្នែកវិទ្យាសាស្ដ្រសង្គម ២ផ្នែកវិទ្យាសាស្រ្ដពិត និងបង្ហាញពីប្រការ គួរប្រុងប្រយ័ត្នមុនពេលប្រលង ព្រមទាំងប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រលង។
លោក ស សុខា បានបញ្ជាក់ថា យុទ្ធនាការនេះ នឹងធ្វើទូទាំងខេត្តព្រៃវែង ឲ្យបានចប់មុនការប្រលងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ខាងមុខនេះ ហើយយុទ្ធនាការនេះ ក្រុមការងារបានរៀបចំវគ្គបំប៉ន (រៀនគួរ) មុខវិជ្ជាលំហាត់សំខាន់ៗរយៈពេល ៤ខែមុនការប្រលងមកដល់ផងដែរ។
លោកបានបន្ដថា បេសកកម្មនេះ គណបក្សប្រជាជនកម្ពុជា ពុំបានគិតអំពីនិន្នាការនយោបាយបន្តិចណាឡើយគឺធ្វើដើម្បី យុវជនខ្មែរទាំងអស់គ្នា ក្នុងបំណងចង់ឲ្យប្អូនៗជាប់បាក់ឌុប និងរៀនបន្ត ទៅឧត្ដមសិក្សាឲ្យបានកាន់តែច្រើន។
ក្នុងនោះដែរ លោកក៏បានប្រកាសថា ផ្ដល់រង្វាន់ម៉ូតូ១គ្រឿង ដល់ប្អូនៗណា ដែលប្រលងជាប់បាននិទ្ទេសA និងបែបបទស្នើសុំ អាហារូបករណ៍ពីលោកផ្ទាល់ផងដែរ។
ជាចុងក្រោយ លោកក៏បានផ្ដាំផ្ញើរ និងជូនពរ ឲ្យប្អូនសិស្សានុសិស្ស ខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់រៀនសូត្រ ដើម្បីប្រលងឲ្យលទ្ធផលល្អគ្រប់ៗគ្នា៕