(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រធានមន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់ជំរុញការងារចូលរួមរបស់សហគមន៍ដើម្បីសុខភាពប្រជាជន ព្រោះសហគមន៍គឺជាចំនុចស្លាប់រស់នៃការធ្វើឱ្យសហគមន៍ទទួលខុសត្រូវលើការថែរក្សាសុខភាពខ្លួនផ្ទាល់ និងសុខភាពគ្រួសារ ធានាបាននូវសុខមាលភាពការ និងការអភិវឌ្ឍន៍ក្នុងសហគមន៍ កាត់បន្ថយបន្ទុកលើសេវាសុខាភិបាល និងកាត់បន្ថយភាពក្រីក្រ។
ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត បានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ សេចក្តីព្រាងគោលនយោបាយស្តីពី ការចូលរួមរបស់សហគមន៍ ដើម្បីសុខភាព ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព គាំទ្រដោយគម្រោងមូនិធិសកល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីអភិបាលរងរាជធានី-ខេត្តទាំង២៥, តំណាងអង្គការដៃគូ, ប្រធានមន្ទីរសុខាភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
លោកស្រីរដ្ឋលេខាធិការប្រចាំក្រសួងសុខាភិបាល បានគូសបញ្ជាក់បន្ថែមថា ការបង្កើតគោលនយោបាយស្តីពី ការចូលរួមរបស់សហគមន៍ថ្មីនេះ គឺស្របតាមផែនការយុទ្ធសាស្រ្តសុខាភិបាលជំហានទី៤ ឆ្នាំ២០២២-២០៣០ ដែលផ្តោតការយកចិត្តទុកដាក់ «ធ្វើឱ្យសម្រេចបាននូវការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាព និងការគ្របដណ្តប់សុខភាពជាសកល ដើម្បីឱ្យប្រជាជនកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អប្រសើរ»។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានទទួលស្គាល់ជាយូរមកហើយ នូវសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ ហើយក្រសួងសុខាភិបាលបានបង្កើតគោលនយោបាយស្តីពី ការចូលរួមពីសហគមន៍ក្នុងការអភិវឌ្ឍន៍មណ្ឌលសុខភាពដំបូងបំផុតក្នុងឆ្នាំ២០០៣ ។គោលនយោបាយដំបូងនោះ បានកំណត់ក្របខ័ណ្ឌ និងរចនាសម្ព័ន្ធ តួនាទី ដែលនៅតែជាមូលដ្ឋានគ្រឹះនៃការចូលរួមរបស់សហគមន៍ក្នុងវិស័យសុខភាពដូចជាគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព(HCMC) ជាយន្តការគ្រប់គ្រងគាំទ្រការផ្តល់សេវា នៅតាមមណ្ឌលសុខភាពនីមួយៗ និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ដែលជាភ្នាក់ងារសុខភាពភូមិរួមចំណែកអប់រំផ្សព្វផ្សាយសារសុខភាព និងជំរុញការការផ្លាស់ប្តូរឥរិយាបថប្រកដោយសុខភាពនៅតាមភូមិនីមួយៗ។
រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តកែលម្អការផ្តល់សេវាសាធារណៈ ដោយនាំយកការសម្រេចចិត្ត និងការទទួលខុសត្រូវលើសុខភាពបុគ្គល សហគមន៍ និងការគ្រប់គ្រងសេវាសុខភាពឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ តាមរយៈវិមជ្ឈការ និងវិសហមជ្ឈការ (D&D)។ កំណែទម្រង់ D&D ឬកំណែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (SNDD) ដែលគឺជាកំណែទម្រង់អភិបាលកិច្ចដ៏សំខាន់របស់រាជរដ្ឋាភិបាលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ និងក្នុងកម្មវិធីជាតិស្តីពី ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១។
លោកស្រីបន្ថែមទៀតថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) បាននាំឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងរចនាសម្ព័ន្ធ និងអភិបាលកិច្ចនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា តម្រូវឲ្យធ្វើបច្ចុប្បន្នភាពពីគោលនយោបាយស្តីពីការចូលរួមពីសហគមន៍ ក្នុងការអភិវឌ្ឍន៍មណ្ឌលសុខភាព ឆ្នាំ២០០៣ ដែលមានស្រាប់ឲ្យឆ្លុះបញ្ចាំងនូវបរិបទនៃការអភិវឌ្ឍន៍ និងគោលនយោបាយថ្មីៗ ។
ក្រសួងសុខាភិបាលនៅតែចាត់ទុកថាការចូលរួមរបស់សហគមន៍ជាអាទិភាពសំខាន់ក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលទី៤ ដើម្បីធានាអភិបាលកិច្ចល្អ។ គណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ជាយន្តការដ៏សំខាន់ តភ្ជាប់មណ្ឌលសុខភាពជាមួយអជ្ញាធរ និងសហគមន៍ ពង្រឹងភាពជាម្ចាស់របស់អជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង ថែទាំសុខភាពប្រជាជនក្នុងតំបន់របស់ខ្លួនផ្ទាល់។
«កន្លងមកក្រសួងសុខាភិបាលយកចិត្តទុកដាក់ពង្រឹងដំណើរការរបស់គណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព ដោយដាក់ជាលក្ខ័ណ្ឌសំខាន់មួយក្នុងការវាយតម្លៃគុណភាពសេវាសុខាភិបាល។ ដំណើរការរបស់ គណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព គឺជាសូចនាការសំខាន់មួយនៅក្នុងចំណោម សូចនាករសុខាភិបាល ដែលយើងបានខិតខំប្រឹងប្រែងឱ្យសម្រេចបានដោយមានការចូលរួមពីដៃគូ និងសង្គមស៊ីវិលនានា»។នេះតាមការបញ្ជាក់បន្ថែមរបស់លោកស្រី។
ទន្ទឹមនឹងនេះក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) បានដើរតួរសំខាន់ក្នុងការលើកកម្ពស់សុខភាពក្នុងភូមិ ការបង្ការ និងព្យាបាលជំងឺផ្សេងៗ ដូចជា របេង អេដស៍ គ្រុនចាញ់ និងបញ្ហាសុខភាពដ៏ទៃទៀត ជាពិសេសក្នុងបរិបទកូវីដ-១៩ ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) បំពេញតួនាទីយ៉ាងសំខាន់ជាមួយអាជ្ញាធរ ក្នុងការអប់រំទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងកូវីដ-១៩។ ការបង្កើតគោលនយោបាយស្តីពីការចូលរួមរបស់សហគមន៍ថ្មីនេះ នឹងនៅតែចាត់ទុកយន្តការសហកមន៍ទាំងពីរនេះ គឺគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ជាយន្តការចម្បងដែលតម្រូវឲ្យមានការគាំទ្រច្បាស់លាស់គ្រប់កម្រិត ជាពិសេសគឺការទទួលខុសត្រូវពីអជ្ញាធរ ក្នុងការគាំទ្រយន្តការនះ ឱ្យដំណើរការប្រកបដោយនិរន្តភាពក្នុងការអភិវឌ្ឍន៍សុខភាពសហគមន៍។
សិក្ខាសាលាក្នុងរយៈពេល២ថ្ងៃនេះ មានគោលបំណង ពិភាក្សា និងផ្ដល់យោបល់លើបញ្ចប់ សេចក្តីព្រាងគោលនយោបាយស្តីពីការចូលរួមសហគមន៍ដើម្បីសុខភាព។ នាងខ្ញុំសង្ឃឹមទុកយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងប្រមូល និងចងក្រងមតិយោបល់ និងអនុសាសន៍ ពីសមាជិកក្រុមការងារបច្ចេកទេសថ្នាក់ជាតិ, នាយកដ្ឋាន និងមជ្ឈមណ្ឌលជាតិនានានៃក្រសួងសុខាភិបាល, មន្ទីរពាក់ព័ន្ធនានា, អភិបាលខេត្ត, ប្រធានមន្ទីរសុខាភិបាល, មេឃុំ, ចៅសង្កាត់, គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ, ក្រុមទ្រទ្រង់ សុខភាពភូមិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបញ្ចប់សេចក្តីព្រាងគោលនយោបាយនៃការចូលរួមសហគមន៍ដើម្បីសុខភាព។
ជំហានបន្ទាប់ ក្រសួងសុខាភិបាលគ្រោងនឹងបង្កើតគោលការណ៍ណែនាំ ការអនុវត្តគោលនយោបាយស្តីពីការចូលរួមរបស់សហគមន៍ឆ្នាំ ដែលនឹងផ្តល់មគ្គុទេសលម្អិតបន្ថែមទៀតអំពីដំណើរការនៃការជ្រើសរើស ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ការបណ្តុះបណ្តាល ការគ្រប់គ្រងការអនុវត្ត និងការផ្តល់ហិរញ្ញប្បទានជាដើម។
ទន្ទឹមនឹងនេះដែរ សូមយកចិត្តទុកដាក់ជំរុញដំណើរការក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ដែលសព្វថ្ងៃនេះលោកដើរតួនាទីសកម្មក្នុងការជួយអប់រំផ្សព្វផ្សាយ ជំរុញឱ្យប្រជាជនមកទទួលសេវា និងសម្របសម្រួសសកម្មភាពសុខភាពផ្សេងៗនៅក្នុងសហគមន៍ ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ជាសមាសភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សុខភាពសហគមន៍។
លើសពីនេះ ការងារសុខភាពត្រូវការការចូលរួមពីគ្រប់ស្ថាប័ន កិច្ចសហការនិងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាកត្តាចាំបាច់ក្នុងការគាំទ្រការចូលរួមរបស់សហគមន៍ ជាពិសេស បរិបទវិមជ្ឈការ បានកំណត់ធនធាន និងទំនួលខុសត្រូវបន្ថែមដល់ស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដែលអាចផ្តល់ឱកាសស្វែងរកមូលនិធិសម្រាប់ការគាំទ្រការចូលរួមរបស់សហគមន៍។
ជាចុងក្រោយ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការសុខភាព ពិភពលោក អង្គការ Unicef ស្ថាប័នឯកជន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការចូលរួមរបស់សហគមន៍ ដើម្បីសុខភាព និងថ្លែងអំណរគុណដល់មូលនិធិសកល ដែលបានផ្តល់ការគាំទ្រថវិកាសម្រាប់ គម្រោងពង្រឹងនិរន្តភាពប្រព័ន្ធសុខាភិបាលកម្ពុជា៕