(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគីបានចោទប្រកាន់ ដោយប្រយោលទៅកាន់បព្វជិតអ៊ីស្លាម លោក Fethullah Gulen ដែលកំពុង រស់នៅរដ្ឋ Pennsylvenia សហរដ្ឋអាមេរិក ថាជាអ្នកដែលនៅពីក្រោយការធ្វើ រដ្ឋប្រហារកាលពីពេលរំលងអាធ្រាតឈានចូល ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាយប់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។

តាមសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីតួកគីលោក Binali Yildirim ថា «ប្រទេសតួកគី សូមប្រកាសថា ប្រទេសណា ក៏ដោយដែលគាំទ្រលោក Gulen នោះពួកគេមិនមែនជាមិត្តរបស់តួកគីទៀតទេ ហើយក៏ត្រូវបានចាត់ទុកជាការប្រកាស សង្គ្រាម ជាមួយប្រទេសតួកគីផងដែរ»។ បច្ចុប្បន្ននេះ លោក Gulen កំពុងរស់នៅក្រោមការនិរទេស ដែលត្រូវបានអះអាង ដោយខ្លួនឯងនៅសហរដ្ឋអាមេរិក។

ឆ្លើយតបជុំវិញបញ្ហានេះលោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសបាននិយាយថា អាមេរិកមិនទាន់ទទួល សំណើណាមួយ ក្នុងធ្វើបត្យាប័នបញ្ជូនខ្លួនលោក Gulen នោះឡើយ។ យ៉ាងណាក៏ដោយលោក ឃើរី បានស្នើឲ្យរដ្ឋាភិបាលតួកគីបង្ហាញ ភស្តុតាងណាមួយក្នុងការចោទប្រកាន់លោក Fethullah Gulen ជាមុនសិន មុននឹងធ្វើការចោទប្រកាន់ត្រង់ៗថា លោកជា អ្នកបង្កឲ្យមានរដ្ឋប្រហារបែបនេះ។

ដោយឡែកលោក Gulen ដែលត្រូវបានគេចោទប្រកាន់នោះ ក៏បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន ពីសហរដ្ឋអាមេរិក មកវិញថា «ខ្ញុំមិនមានការជាប់ពាក់ព័ន្ធ នៅក្នុងព្រឹត្តិការណ៍ណាមួយនោះឡើយ ហើយខ្ញុំសូមធ្វើការថ្កោលទោស ក្នុងកម្រិតធ្ងន់បំផុត ចំពោះការព្យាយាមធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសតួកគីនោះ»។

គួរបញ្ជាក់ថាលោក Fethullah Gulen គឺបព្វជិតអ៊ីស្លាមដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសតួកគី ដែលបានបង្កើតចលនា ជាច្រើន ជាពិសេសការអប់រំសិស្សានុសិស្សអំពីសាសនាអ៊ីស្លាម។ លោកក៏ជាអ្នក ស្រឡាញ់ផ្នែកវិទ្យាសាស្ត្រនិងលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្សផងដែរ។

យ៉ាងណាក៏ដោយមុននឹងលោក អះអាងថាខ្លួនឯង ត្រូវបានគេនិរទេសទៅរស់នៅអាមេរិកនោះ លោកក៏បានបង្កើតចលនាដ៏ធំ មួយនៅតួកគី ដែលមានការពិភាក្សាដោះដូរមតិយោបល់ក្នុងសង្គម យ៉ាងតានតឹងលើការព្រួយបារម្ភ ចំពោះអនាគតរបស់ ប្រទេសតួកគី និង អ៊ីស្លាមក្នុងពិភពទំនើប ដែលប្រការនេះ ជាហេតុនាំឲ្យមានការគិតអវិជ្ជមានកើនឡើងទៅលើរដ្ឋាភិបាល តួកគីបច្ចុប្បន្ន៕