(ឥណ្ឌូនេស៉ី)៖ ក្នុងឱកាសអមដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន អញ្ជើញចូលរួមកិច្ចសន្ទនាលើកទី១៩ រវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងប្រមុខដឹកនាំអាស៊ាន។
កិច្ចសន្ទនានេះ បានជជែកពិភាក្សាអំពីបញ្ហាប្រឈមនានាដែលវិស័យឯកជនទូទាំងតំបន់អាស៊ានកំពុងជួបប្រទះ ហើយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានដាក់ជូននូវរបាយការណ៍អនុសាសន៍ និងវឌ្ឍនភាពការងារជូនប្រមុខដឹកនាំអាស៊ាន ទាំង១០ប្រទេស ជាពិសេសការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ ឲ្យខ្លាំងក្លាជាងមុន។
គួរជម្រាបថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ាន ឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។
ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរ អំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្មភាពជាចម្បងៗ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ច៕