(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ៦៩,៣៣៣ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) សម្រាប់ការគាំទ្រការសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាឆ្នាំ២០២៣។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ។ ថវិកានេះត្រូវបានផ្តល់ជូនសម្រាប់គម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ស្ថាប័នទទួលជំនួយ៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានពន្យល់ដោយសង្ខេបអំពីការគាំទ្ររបស់ជប៉ុន សម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជប៉ុនតែងតែគាំទ្រ និងរួមដំណើរជាមួយកម្ពុជានៅលើមាគ៌ានៃការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីមុនការសម្រេចបាននូវសន្តិភាពនៅកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម្លេះ។

ឯកអគ្គរាជទូតជប៉ុន បានបន្តថា រដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំទ្រការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយបានបន្តការគាំទ្រការបោះឆ្នោតតាមមធ្យោបាយផ្សេងៗ ទាំងដោយផ្ទាល់ និងដោយប្រយោល រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកាន់កម្ពុជាសម្រាប់ការបោះឆ្នោតសកលកន្លងមក។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ជប៉ុនបានផ្តល់ជំនួយឥតសំណងជាហិបឆ្នោត និងរថយន្ត ក៏ដូចជាជំនួយបច្ចេកទេសដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ជប៉ុនក៏បានផ្តល់ប្រព័ន្ធជីវមាត្រសម្រាប់ការចុះឈ្មោះបោះឆ្នោតផងដែរ។ បច្ចុប្បន្ន អង្គការចៃកា កំពុងបញ្ជូនអ្នកជំនាញទៅ គ.ជ.ប ដើម្បីរៀបចំកម្មវិធីអប់រំទូទៅដោយ គ.ជ.ប ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការបោះឆ្នោត ហើយជាផ្នែកមួយនៃកម្មវិធីនេះ គ.ជ.ប កំពុងផ្តល់ការបង្រៀននៅនឹងកន្លែង នៅតាមសាលារៀន និងទីតាំងផ្សេងទៀត។

សម្រាប់ គ.ប.ស.យ រដ្ឋាភិបាលជប៉ុនបានគាំទ្រចំនួន៤ដង សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលចាប់ផ្តើមពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី២ ក្នុងឆ្នាំ២០០២មក។ គ.ប.ស.យ បានបង្កើតសៀវភៅណែនាំអំពីការបោះឆ្នោត សៀវភៅណែនាំផ្លូវច្បាប់ ខិត្តប័ណ្ណសម្រាប់អ្នកបោះឆ្នោតតាមរយៈគម្រោងទាំងនេះ ហើយខ្ញុំយល់ថា សម្ភារៈទាំងនេះបានរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពីដំណើរការបោះឆ្នោតដែលសមស្រប។

វត្តមាននៃការត្រួតពិនិត្យការបោះឆ្នោតដោយតួអង្គផ្សេងៗ ជាធាតុមួយដ៏សំខាន់ដើម្បីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ តាមរយៈទស្សនៈនេះរដ្ឋាភិបាលជប៉ុនបាននិងកំពុងគាំទ្រគម្រោងមួយចំនួនតាមរយៈជំនួយឥតសំណងគូសាណូណិ ដើម្បីធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជាមួយអង្គការនានា រួមទាំង គ.ប.ស.យ ដែលធ្វើការលើការផ្សព្វផ្សាយការបោះឆ្នោត និងការអប់រំអ្នកបោះឆ្នោត។

នៅក្នុងគម្រោងនេះ សៀវភៅណែនាំដែលបានបោះពុម្ព អាវយឺត និងសម្ភារៈនានានឹងត្រូវបានផ្តល់ជូនដល់អ្នកសង្កេតការណ៍បោះឆ្នោតរយៈពេលខ្លីចំនួន ១០,២៤១នាក់ ដែលនឹងត្រូវបានដាក់ពង្រាយទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខនេះ។ យើងរំពឹងថា គម្រោងនេះនឹងចូលរួមចំណែកធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការគោរពឆន្ទៈអ្នកបោះឆ្នោតទាំងអស់ រួមទាំងស្ត្រី យុវជន និងក្រុមងាយបាត់ឱកាស។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។

ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ជាង៦៨០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕