(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ប្រធានអនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជា រួមដំណើរ ពីលោកស្រី អាន ផល្លា ប្រធានសមាគមនារីខណ្ឌ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌ រួមទាំងចៅសង្កាត់ មេភូមិ ព្រមទាំង ក្រុមការងារយុវជន ស.ស.យ.ក ជាច្រើននាក់ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកគ្រឿង ឧបភោគបរិភោគ និងថវិការមួយចំនួន របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ផ្ដល់ជូនរួម និងសាកសួរសុខទុកចំពោះប្រជាពលរដ្ឋជាជនចាស់ជរា ពិការភាព និងគ្រួសារងាយរងគ្រោះ៧គ្រួសារ ដល់លំនៅដ្ឋាន ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
នាឱកាសនោះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានលើកឡើង ពីប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកទាំង២តែងតែ មើលឃើញ ពីសុខទុក និងការរស់នៅ របស់ប្រជាជនកម្ពុជាជានិច្ចជាកាល ដោយមិនប្រកាន់និន្នាកានយោបាយឡើយ។
លោក ជា ពិសី បានថ្លែងបន្ដថា «ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ គឺជាថ្ងៃបោះជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ចាំបាច់ត្រូវស្គាល់ចៅសង្កាត់ឲ្យបានច្បាស់ ដើម្បីត្រៀមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា តែប្រសិនជាបងប្អូនមានទុក ឫជួបនូវបញ្ហាផ្សេងៗ ដែលកើតមានឡើងចំពោះក្រុមគ្រួសារនីមួយៗ ត្រូវប្រញាប់ រួសរាន់រាយការណ៍ មកដល់លោកចៅសង្កាត់ភ្លាមៗ ដើម្បីឲ្យអាជ្ញាធរយើងរិះរកដំណោះស្រាយជូន»។
ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋបានសម្ដែងនូវការដឹងគុណ ក៏ដូចជាអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខណ្ឌ ដែលមាន លោក ជា ពិសី ជាអភិបាល ខណ្ឌឫស្សីកែវ រួមជាមួយក្រុមការងារយុវជន ដែលបានពាំនាំនូវអំណោយ និងថវិកាមួយចំនួនមកចែកជូនដល់ពួកគាត់ទាំងអស់គ្នា ដែលបច្ចុប្បន្នពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ។
ជាចុងក្រោយលោក ជា ពិសី បានបញ្ជាក់ថា ចំពោះអំណោយដែលអនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានយកមកចែកជូននាខណៈនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូ ត្រីខ១យួរ មី១កេស និងឃីត១ក្នុងនោះមាន ភួយ១ មុង១ ក្រម៉ា១ រួមទាំងថវិកា៣ម៉ឺនរៀល ផងដែរ៕