(សៀមរាប)៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគាររីជេនស៉ីអង្គរ ខេត្តសៀមរាប ក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសទូទាំង ២៥ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការបញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួននៃរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងសហអធិបតីភាពលោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមការងារចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកស្រី ទន់ សាអ៉ីម អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងឱកាសនោះ លោកស្រី ទន់ សាអ៉ីម បានថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមរបស់ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការបញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដែលជាខ្លឹមសារដ៏មានតម្លៃ និងមានសារៈសំខាន់ជាទីបំផុតទៅក្នុងកម្មវិធីសិក្សា ដែលនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិកអប់រំ ក៏ដូចជាសិស្សានុសិស្សផងដែរ ជាពិសេសនឹងធ្វើឱ្យបុគ្គលិកអប់រំនិងសិស្សានុសិស្សស្គាល់រដ្ឋធម្មនុញ្ញ និងមានស្មារតីគោរពរដ្ឋធម្មនុញ្ញ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានគូសបញ្ជាក់ថា ការយល់ដឹងច្បាស់នូវបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ នឹងជួយពង្រីកស្មារតីជាតិនិយម ជួយពង្រឹងសីលធម៌របស់ប្រជាពលរដ្ឋ ដែលនឹងបង្កើតភាពសុខដុមនៃសង្គមជាតិ។ គុណតម្លៃនៃរដ្ឋធម្មនុញ្ញ ជាគុណតម្លៃនៃនីតិរដ្ឋ គុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលជាសមាសធាតុក្នុងការកសាងនិងការអភិវឌ្ឍសង្គមនីតិរដ្ឋ ក្នុងសម័យទំនើបនេះ។ ការអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវមានការទទួលខុសត្រូវ និងសីលធម៌ដើម្បីរក្សាបាននូវសុខដុមនីយកម្មសង្គមមួយរឹងមាំ។

លោកបានបញ្ជាក់ថា ដូច្នេះការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ យ៉ាងហោចណាស់អំពីគោលការណ៍ធំៗ នៃគុណតម្លៃរដ្ឋធម្មនុញ្ញ គឺជាការចាំបាច់ក្នុងការបង្កើនចំណេះដឹងទូទៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងពង្រឹងមនសិការស្នេហាជាតិ ព្រមទាំងសីលធម៌សង្គម លើមូលដ្ឋានគ្រឹះនៃសុខដុមនីកម្មសង្គម វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីរបស់ជាតិ។ ការផ្សព្វផ្សាយ ការបញ្ជ្រាប និងការអនុវត្តរដ្ឋធម្មនុញ្ញ ជាការចាំបាច់ ជាពិសេសក្នុងស្រទាប់យុវវ័យ ហើយយន្តការនៃការផ្សព្វផ្សាយដែលមានលក្ខណៈទូលំទូលាយ និងមាននិរន្ដរភាព គឺយន្តការអប់រំតាមសាលារៀនដែលពង្រាយពេញផ្ទៃប្រទេស។

លោកបន្តថា មានតែលោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនទេដែលពាំនាំខ្លឹមសារជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញទៅបញ្ជ្រាបដល់សិស្សានុសិស្ស និងពីសិស្សានុសិស្សទៅដល់មាតាបិតា អាណាព្យាបាលសិស្ស តាំងពីទីប្រជុំជនដល់តំបន់ដាច់ស្រយាលគ្រប់ច្រកល្ហក។

ជាទីបញ្ចប់លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងដំណើរការរបស់ក្រុមការងារបច្ចេកទេសចំពោះកិច្ចទាំងពីរស្ថាប័ន តាមស្មារតីអនុស្សរណៈនៃការព្រមព្រៀង រហូតទទួលបាននូវសមិទ្ធផលផ្លែផ្កាគួរជាទីមោទកៈ ក្នុងការបើកវគ្គបណ្ដុះបណ្ដាលដល់ក្រុមគ្រូឧទ្ទេសទូទាំង ២៥ រាជធានី ខេត្ត ជាសក្ខីភាពនាពេលនេះ។

បន្ទាប់មកវគ្គបណ្តុះបណ្តាលខាងលើបានធ្វើការបែងចែកសិក្ខាកាមជាក្រុម ពិភាក្សាទៅតាមកម្រិតថ្នាក់នីមួយៗដោយឱ្យសិក្ខាកាមកំណត់នូវពាក្យគន្លឹះ និងឱ្យនិយមន័យពាក្យគន្លឹះនោះ ផ្អែកតាមខ្លឹមសារដែលបានបញ្ចូលទៅក្នុងសៀវភៅអប់រំគោល ព្រមទាំងរិះរកវិធីសាស្រ្តក្នុងការផ្ទេរនូវការយល់ដឹងជូនទៅដល់សិស្សានុសិស្សប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ធ្វើយ៉ាងណាឱ្យខ្លឹមសារដែលបានបញ្ចូលទាំងនេះជ្រាបចូលទៅក្នុងផ្នត់គំនិតរបស់សិស្សានុសិស្សដែលជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យគាត់យល់ពីតម្លៃ និងសារសំខាន់ ព្រមទាំងហ៊ានការពារ និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕