(ភ្នំពេញ)៖ ក្រោយពីរស់នៅលើផ្ទះឈើដ៏ចំណាស់រាប់សិបឆ្នាំ ដែលប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែផ្ទះមានសភាពទ្រុឌទ្រោម ហើយនឹងពុកសរសរថែមទៀតផងនោះ ប្រជាពលរដ្ឋ២៤គ្រួសារ ដែលធ្លាប់រស់នៅ រយៈពេល១០ឆ្នាំ ២០ឆ្នាំ ឬ៣០ឆ្នាំ ថ្ងៃនេះពួកគាត់បានបង្ហាញអារម្មណ៍រំភើបឥតគណនា បន្ទាប់ពីទទួលបានផ្ទះថ្មី ទំហំ៤ម៉ែត្រកន្លះ គុណ១៨ម៉ែត្រ។
អាជា្ញធរខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំពីធីប្រគល់ ផ្ទះ និងកម្មសិទ្ធិជូនបងប្អូនចំនួន ៣០ខ្នងផ្ទះ ដែលបរិយាកាសពេលនេះ ធ្វើឲ្យបងប្អូន និងមតិសាធារណៈមើលឃើញអំពីការប្រែមុខមាត់ថ្មី ចេញពីកន្លែងមិនស្របច្បាប់ មកទទួលយកកន្លែងដែលស្របច្បាប់ ហើយនៅបងប្អូនចំនួន៧២ខ្នងផ្ទះទៀតដែលនៅរារែក ក្រាញ់ននាលតាមការញុះញង់របស់បុគ្គលបក្ស ប្រឆាំងមួយចំនួនតែងតែឆ្លៀតឪកាសញុះញង់បងប្អូន ដោយបង្ករបរិយាកាសអាប់អួរក្នុងសង្គមដែល កំពុងមានសេរីភាព សន្តិភាព និងញុះញង់អោយប្រជាជនដែលរស់នៅលើចំណីផ្លូវនេះ ទៀមទារ និងទទួលកម្មសិទ្ធិអ្នកដ៏ទៃ ដោយបំពាន ថែមទាំងញុះញង់អោយប្រជាជន និងប្រជាជនមានទំនាស់។
បន្ថែមពីនោះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា អាជា្ញធរតែងតែខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋ ប៉ុន្តែសូមឱ្យពលរដ្ឋគោរពច្បាប់ឱ្យបានត្រឹមត្រូវជៀសវាងការចាប់យកដីរបស់អ្នកដទៃមកធ្វើជារបស់ខ្លួន។ ក្រៅពីនោះ លោកក៏បានផ្ដល់ជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ម្នាក់១០០ដុល្លារ ជូនពលរដ្ឋ ចំនួន ២៤គ្រួសារផងដែរ។
សូមជម្រាបថា ពលរដ្ឋនៅតាមផ្លូវ ១៥១ (ផ្លូវទៅភ្នំបាសិទ្ធ) មានផ្ទុះ ១០៨ខ្នង បានមកសម្រាកសាងសង់ផ្ទះលើចិញ្ចើមផ្លូវ (ផ្លូវទទឹង ៥០ម) ហើយក៍ផ្ទុះការតវ៉ាទាមទារកម្មសិទ្ធិអ្នកដទៃ និងទល់បន្ទាត់អនុក្រឹត្យបឹង តាមោក ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលបានកាត់បញ្ចូលអនុប្រយោគអោយម្ចាស់ផ្សេងគ្រប់គ្រងជាកម្មសិទ្ធិ រួចហើយ។ ដោយឡែក រាជរដ្ឋាភិបាលដែលមានសាលារាជធានីភ្នំពេញនៅតែបានចាត់ចែងគិតគូដល់ ប្រជាពលរដ្ឋដែលរស់នៅ លើសំណង់មិនរៀបរយផ្លូវ១៥១នេះ ដោយបានរៀបចំទីតាំងដីនៅមិនឆ្ងាយពី ទីតាំងនេះប្រហែល ១០០០ មានជាដីឡូត៍ ៤,៥ម x ១៨ម៉ែត្រ និងមានហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង និងកម្មសិទ្ធិស្របច្បាប់។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ រួមនិងលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យភូមិបាល តែងតែគិតគូរ និងយកចិត្តទុកដាក់ ចំពោះប្រជាជន មិនថា អ្នកត្រូវផ្លាស់ប្ដូរមក ឬអ្នកមិនទាន់ផ្លាស់ប្ដូរទេ។ ពួកគាត់បន្ថែមថា សហគមនៅតំបន់នេះល្អប្រសើរជាងសហគមណាៗទាំងអស់ ដោយសារតែអាជា្ញធរបានគិតគូរ ផ្ដល់ផ្ទះមានប្រព័ន្ធលូ ទឹក ភ្លើង និងថវិកា។
លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យភូមិបាល ខណ្ឌព្រែកព្នៅ បានបញ្ជាក់នៅមុខប្រជាពលរដ្ឋថា ប្រសិនបើពលរដ្ឋចូលមករស់នៅយ៉ាងត្រឹមត្រូវពីពេលនេះតទៅ អាជា្ញធរផ្ដល់ប្លង់កម្មសិទ្ធស្របច្បាប់ជូនពួកគាត់ ព្រមទាំងភ្ជាប់ទឹកភ្លើងជូនទៀតផង៕