(ឥណ្ឌូនេស៊ី)៖ ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង ភរិយានាយករដ្ឋមន្ត្រីឡាវ ភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ភរិយាប្រធានាធិបតីហ្វីលីពីន ភរិយានាយករដ្ឋមន្ត្រីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្រដ៏ប្រណិត នៃក្រុងឡាប៊ូនបាចូ នៃប្រទេសឥណ្ឌូណេស៊ី។
វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាថ្នាក់ដឹកនាំនៃប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ទទួលបានការធ្វើគារវកិច្ចយ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីលោកស្រី ចូកូ វីដូដូ ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី។
ក្នុងដំណើរទស្សនកិច្ចនៅតំបន់កម្សាន្តឆ្នេរលំហែកាយមាត់សមុទ្រដ៏ប្រណិតនោះ ភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី បានអញ្ជើញគយគន់សម្រស់ធម្មជាតិ នៃតំបន់ឆ្នេរនៃក្រុងឡាប៊ូនបាចូ ពីលើជ្រលងនៃអគាររបស់ក្រុង។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុត នៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។
ឥណ្ឌូណេស៊ីមានកោះរហូតដល់ទៅច្រើនជាង ១ម៉ឺន៧ពាន់កោះ និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាហេតុធ្វើឱ្យប្រទេសនេះតែងតែជួបប្រទះជាញឹកញាប់នូវគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ កោះដែលធំជាងគេមានដូចជាស៊ូម៉ាត្រា កោះជ្វា, ប័រណេអូ (Borneo) ឬហៅជាភាសាឥណ្ឌូណេស៊ីកាលីម៉ាន់តាន់ (Kalimantan), ស៊ុឡាវេស៊ី (Sulawesi) និង ញូហ្គីណេ (New Guinea)។
ឥណ្ឌូណេស៊ីមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី មានរដ្ឋធានីឈ្មោះ ហ្សាការតា។ មានផ្ទៃដីទំហំ ១.៩លានគីឡូម៉ែត្រក្រឡា។ ជាប្រទេសកាន់របបប្រជាធិបតេយ្យធំបំផុតទី៣ លើលោកបន្ទាប់ពីឥណ្ឌា និងអាមេរិក។ ឥណ្ឌូណេស៊ីមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក និងជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក ដែលមានប្រជាជនចំនួន ២៧៧.៦លាននាក់ (ឆ្នាំ២០២០) និងមានភាសាតំបន់សំខាន់ៗ ចំនួន ៣០០ភាសា។
ក្នុងដំណើរទស្សនាកម្សាន្តនាទីក្រុងឡាប៊ូនបាចូ ឧត្តមភរិយាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាន បានអញ្ជើញទទួលទានតែពេលព្រឹក ជាមួយការស្តាប់បទចម្រៀង និងរបាំដែលច្រៀងដោយក្រុមកុមារ នៃក្រុងឡាប៊ូនបាចូ ពិសេសទាក់ទិនទៅនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រុងឡាប៊ូនបាចូ។
ក្នុងពិធីស្វាគមន៍តាមបែបប្រពៃណីរបស់ជនជាតិឥណ្ឌូណេស៊ី ឧត្តមភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកទស្សនាតំបន់ឆ្នេរលំហែរកាយមាត់សមុទ្រដ៏ល្អប្រណិត របស់ក្រុងឡាប៊ូនបាចូ។
ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រសិទ្ធពរ និងជូនពរភរិយាមេដឹកនាំអាស៊ានទាំងអស់ មានសុខភាពល្អបរិបូរណ៍ ពូលានុភាពរឹងមាំ បញ្ញាញាណភ្លឺថ្លា និងមានសុខសុវត្តិភាព ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូល ដ៏ស្រស់ស្អាតនេះ។
ជាការឆ្លើយតបទៅនិងប្រសាសន៍របស់ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណជូនចំពោះភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរៀបចំនូវកម្មវិធីដ៏ល្អនេះ។ ជាពិសេសភរិយាមេដឹកនាំអាស៊ានទាំងអស់ មិនអាចបំភ្លេចនូវសម្រស់ដ៏ល្អ ធម្មជាតិពិតៗ នៃតំបន់ឆ្នេរសមុទ្ររបស់ក្រុងឡាប៊ូនបាចូ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសំដែងរបាំ និងចម្រៀងរបស់កុមារា កុមារី ដែលទាក់ទិនទៅនិងតំបន់ឆ្នេរដ៏ស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសទាក់ទិនទៅនិងការធ្វើដំណើរតាមទូក កាណូត កាប៉ាល់ របស់ប្រជាជនរស់នៅក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូណេស៊ី។
សម្តេចកិត្តិព្រឹទួ្ធបណ្ឌិតមានអារម្មណ៍រីករាយបំផុត ដោយបានមានប្រសាសន៍ទៅកាន់ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ីមុនពេលជំរាបលាថា ថ្ងៃណាមួយសម្តេច នឹងអញ្ជើញមកទស្សនាក្រុងឡាប៊ូនបាចូលជាថ្មីម្តងទៀត ដោយសាសម្តេចមានអារម្មណ៍ដក់ជាប់និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នៃតំបន់ឆ្នេររបស់ក្រុងឡាប៊ូនបាចូ៕