(ភ្នំពេញ)៖ «ប្រសិនបើគ្មាន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏គ្មានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ដែរ»។ នេះជាការលើកឡើងរបស់បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានក្រុមការងារចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ។
ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសទូទាំង ២៥ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការបញ្ជូលបទប្បញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញក្នុងកម្មវិធីសិក្សាទាំងបីកម្រិតរបស់ក្រសួងអប់រំ យុវជន និងកីឡា នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដែលសហការរៀបចំឡើងរួមគ្នារវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានបន្តថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ហើយក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នតែមួយគត់ ដែលមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ។
បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានបន្តថា ប្រជាពលរដ្ឋ រួមទាំងបុគ្គលិកសិក្សាធិការ បានស្វែងយល់ច្រើនពីច្បាប់ទូទៅតាមវិស័យជាក់លាក់នីមួយៗ ប៉ុន្តែមួយចំនួន ភ្លេច គិតថា គ្រប់វិស័យទាំងនោះគឺស្ថិតនៅក្រោមដំបូលរួមនៃរដ្ឋធម្មនុញ្ញ។ ក្នុងន័យនេះ រដ្ឋធម្មនុញ្ញមានលក្ខណៈទូលំទូលាយគ្របដណ្តប់លើគ្រប់វិស័យ សំដៅធានាការពារសិទ្ធិ និងសេរីភាពរបស់ ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចាំបាច់ត្រូវគោរពប្រតិបត្តិតាម ក្នុងឋានៈជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ ការយល់ដឹង និងការអប់រំពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេសពង្រឹងនីតិរដ្ឋក្នុងគោលដៅរក្សា បាននូវយុត្តិធម៌សង្គម។ ទន្ទឹមនឹងនេះ រដ្ឋធម្មនុញ្ញ គឺជាមូលដ្ឋានគ្រឹះចាំបាច់ និងមានសារសំខាន់ក្នុងការកសាងចំណេះដឹងទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការពង្រឹងមនសិការស្នេហាជាតិ សីលធម៌សង្គម និងជាយន្តការមួយដ៏មានប្រសិទ្ធភាព និងវិសាលភាពទូលំទូលាយក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព។
លោកបណ្ឌិតបន្ថែមថា «យើងត្រូវចង់ចាំថា ប្រសិនបើគ្មាន សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏គ្មានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ដែរ។ សម្តេច ជាស្ថានិកសំខាន់បំផុត បង្កើតឱ្យមានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ឡើង ហើយរដ្ឋធម្មនុញ្ញនេះបានបន្តប្រើប្រាស់រហូតមកទប់បច្ចុប្បន្ន ក្នុងសន្តិភាព»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាចុះអនុស្សរណៈនៃការព្រមព្រៀងបញ្រ្ជាបបទប្បញ្ញត្តិគ្រឹះមួយចំនួននៃរដ្ឋធម្មនុញ្ញទៅក្នុងមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា កម្រិតបឋម សិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ បន្ថែមទៅលើកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡាដែលមានស្រាប់ និងមានខ្លឹមសារនៃមាត្រារដ្ឋធម្មនុញ្ញមួយចំនួនរួចហើយពីមុនមក។ ការដាក់បញ្ជូលបន្ថែមលើកនេះ គឺធ្វើឱ្យកម្មវិធីសិក្សាកាន់តែពេញលេញ នូវខ្លឹមសារសំខាន់ៗនៃរដ្ឋធម្មនុញ្ញ ឆ្លើយតបទៅនឹងស្ថានការណ៍វិវត្តន៍បច្ចុប្បន្ននៃសង្គមជាតិ។
បទប្បញ្ញត្តិគ្រឹះដែលបានបញ្ជូលនាពេលនេះ គឺមានចំនួន ៤០ មាត្រា ដាក់បញ្ជូលតាមមេរៀននីមួយៗតាមកម្រិតសិក្សាទាំងបីកម្រិត។
ក្នុងវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃនេះ គ្រូឧទ្ទេសតំណាងមកពីទូទាំង ២៥ រាជធានី ខេត្ត តម្រូវឱ្យបែងចែកជាក្រុមពិភាក្សាតាមថ្នាក់ និងកម្រិតសិក្សានីមួយៗ រៀបចំជាវិធីសាស្រ្ត ផែនការបណ្តុះបណ្តាល និងបទបង្ហាញជាកិច្ចតែងការសម្រាប់ការបណ្តុះបណ្តាលបន្តក្រោមជំនួយបច្ចេកទេស ច្បាប់រដ្ឋធម្មនុញ្ញ ពីក្រុមការងារចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងការណែនាំតម្រង់ទិសជានិយាមអប់រំនិងគរុកោសល្យ ពីក្រុមការងារបច្ចេកទេសចំពោះកិច្ចនៃក្រសួងអប់រំ យុវជន និងកីឡា៕