(វៀតណាម)៖ សិក្ខាសាលាថ្នាក់តំបន់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៣ ស្តីពីប្រពន្ធគ្រប់គ្រងទិន្នន័យសកម្មភាពមីន ត្រូវបានសហការរៀបចំ ដោយមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ សម្រាប់សកម្មភាពមីនមនុស្សធម៌ (GICHD) និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងទទួលធ្វើជាម្ចាស់ផ្ទះដោយអាជ្ញាធរជាតិ សកម្មភាពមីនវៀតណាម (VNMAC) ដើម្បីចែករំលែកបទពិសោធន៍ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ IMSMA Core សម្រាប់ការគ្រប់គ្រងទិន្នន័យសកម្មភាពមីន។

សិក្ខាកាមប្រមាណជាង៤០នាក់ មកពីអាជ្ញាធរជាតិសកម្មភាពមីន នៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលរងផលប៉ះពាល់គ្រាប់មីន និងកាកសំណល់ជាតិផ្ទុះនៃសង្គ្រាម ព្រមទាំងបណ្តាប្រតិបត្តិករ/អង្គការ ក្នុងតំបន់ និងពិភពលោកលើសកម្មភាពមីន អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត បានមកចូលរូមសិក្ខាសាលាថ្នាក់តំបន់នេះ។

បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដែលបានឆ្លងកាត់នូវសង្រ្គាមកន្លងមក បានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះនៃសង្គ្រាម (ERW) និងជះផលអវិជ្ជាមានដល់ការការស្តារឡើងវិញ នូវការអភិវឌ្ឍន៍ប្រកបដោយចេរភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏ដូចជា ការកសាងសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។

លោក ព្រហ្ម សួនប្រសិទ្ធិ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានថ្លែងថា សិក្ខាសាលាថ្នាក់តំបន់ស្តីពី IMSMA Core មានគោលបំណងផ្លាស់ប្តូរបទពិសោធ ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ លើការអនុវត្ត ប្រពន្ធIMSMA ក្នុងការកំណត់អត្តសញ្ញាណតម្រូវការ ការបង្កើតប្រព័ន្ធ និងការផ្លាស់ប្តូរ ការធ្វើតេស្ត និងការរួមបញ្ចូលទៅក្នុងសកម្មភាពប្រតិបត្តិការជាក់ស្តែង។ សិក្ខាសាលាថ្នាក់តំបន់នេះ ក៏ជាឱកាសមួយសម្រាប់បណ្តាអាជ្ញាធរជាតិសកម្មភាពមីនក្នុងតំបន់ បង្ហាញនិងចែករំលែកនូវធាតុចូលល្អៗ ពីបញ្ហាប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយ អំពីប្រព័ន្ធគ្រប់គ្រងទិន្នន័យសកម្មភាពមីន។ លើសពីនេះសិក្ខា ក៏ផ្តល់ការយល់ដឹងទូទៅពីប្រព័ន្ធ IMSMA Core និងពីរបៀបនៃការស្នើសុំសេវាគាំទ្រ។

សិក្ខាកាមនឹងទទួលបានចំណេះដឹងពីការតំឡើង ដំណើរការអនុវត្ត IMSMA និងការផ្លាស់ប្តូរចំណេះដឹងលើការអនុវត្ត និងដំណោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងទិន្នន័យ។ សិក្ខាសាលាថ្នាក់តំបន់នេះ ក៏ជួយផ្តល់នូវការយល់ដឹងដ៏ទូលំទូលាយ ឱកាសចែករំលែកបទពិសោធន៍ទៅវិញទៅមក រវាងបណ្តាអាជ្ញាធរជាតិសម្រាប់សកម្មភាពមីននានានៅក្នុងតំបន់អាស៊ាន រួមទាំងបណ្តាប្រត្តិបត្តិករ ពាក់ពន្ធ័នានា។ សិក្ខាសាលាថ្នាក់តំបន់នេះ ឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលសហពន្ធ័អាលឺ្លម៉ង់។

ការអនុវត្តការងាររបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន និងសិក្ខាសាលាថ្នាក់តំបន់នេះ រួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងបណ្តារដ្ឋសមាជិកអាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ចូលរួមចំណែកដល់ការងារមនុស្សធម៌ក្នុងការដោះស្រាយបញ្ហាមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងរួមចំណែកគាំទ្រសហគមន៍អាស៊ានក្នុងការកសាងសន្តិភាព ស្ថេរភាពនៅក្នុងតំបន់ដូចដែលបានចែងក្នុង ផែនការសន្តិសុខ-នយោបាយសហគមន៍អាស៊ានឆ្នាំ២០២៥។

មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ត្រូវបានបង្កើតឡើងដោយយោងទៅលើសេក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបង្កើតឡើងនូវមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលត្រូវបានអនុម័តនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយត្រូវបានដាក់ឲ្យដំណើរការ ក្នុងឆ្នាំ២០១៦។

ARMAC មានអណត្តិ និងមុខងារ ក្នុងនាមជាមជ្ឈមណ្ឌលឧត្ដមភាព ដើម្បីជម្រុញ និងលើកទឹកចិត្តរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ ពីសង្រ្គាមសម្រាប់បណ្ដារដ្ឋសមាជិកអាស៊ានដែលចាប់អារម្មណ៍ក្នុងការចូលរួមដោះស្រាយបញ្ហាទាំងនេះ។ (សូមចូលទៅកាន់គេហទំព័ររបស់ ARMAC តាមរយៈ https://aseanmineaction.org/ សម្រាប់ព័ត៌មានលម្អិតបន្ថែម)៕