(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកបញ្ជក់ជាថ្មី ទាក់ទងនឹងពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅពេលអ្នកសារព័ត៌មានចង់ចូលថតពិធីបើក និងបិទ ដោយប្រសិនបើមានអ្នកសារព័ត៌មាន៥០០នាក់ ចូលរួមក្នុងទីលានពិធី គឺរូបភាពនឹងរំខានហើយ ដូច្នេះគេបានរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល ក្នុងការផ្តល់រូបភាពជូនដោយសេរី និងឥតគិតថ្លៃ ដូច្នេះហើយសូមអ្នកសារព័ត៌មានស្វែងយល់។

បើតាមលោក ខៀវ កាញារីទ្ធ, ចំពោះការប្រកួតកីឡាផ្សេងៗគឺត្រូវបានអនុញ្ញាតឲ្យចូលថតផ្ទាល់។ ដោយឡែកសម្រាប់ពិធីបើក និងបិទ មិនអនុញ្ញាតដោយសារទីលាន គឺជាឆាកសំខាន់ ដូច្នេះហើយត្រូវស្វែងយល់អំពីវិជ្ជាជីវៈសារព័ត៌មានកីឡា។

ជុំវិញពិធីបើកស៊ីហ្គេម ឆ្នាំ២០២៣វិញ ត្រូវបានលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គូសបញ្ជាក់ថា «ពិធីបើកនេះ គឺល្អជាងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប្រទេសខ្លះផង ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អ៊ីចឹងគឺថា ប្រទេសតូច តែបេះដូងធំ។ និយាយរួម យើងធ្វើនេះ គឺរង់ចាំ៦៤ឆ្នាំហើយ ដូច្នេះទី១ ក្នុងន័យយើងឈ្នះជំងឺកូវីដ-១៩ សេដ្ឋកិច្ចយើងរីកចម្រើន ប្រជាជនយើងបានសុខសប្បាយ យើងចាំយូរហើយ យើងធ្វើម្តងធ្វើឲ្យល្អតែម្តង»