(ភ្នំពេញ)៖ ក្នុងឱកាសខួបទី១៦០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីគឺ «អ្វីៗគ្រប់យ៉ាងដែលយើងធ្វើ គឺចេញពីបេះដូង»។

ក្នុងកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជាង១២នាទី បានថ្លែងថា «សេចក្ដីថ្លែងការណ៍រួមនេះ គឺចង់បង្ហាញថា ការកើតមានចលនាអន្ដរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម រហូតមកដល់បច្ចុប្បន្ននេះ ដែលមានរយៈពេល១៦០ឆ្នាំមកនេះ ហើយមានសមាគជាតិចំនួន ១៩២នៅជុំវិញពិភពលោក ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នករងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាតជាសកលនានា សង្គ្រាម និងជម្លោះប្រដាប់អាវុធផង គឺពួកយើងធ្វើឡើងដោយក្ដីស្រលាញ់អាណិតពិតៗ ចេញពីបេះដូង»។

លោកស្រីបានគូសបញ្ជាក់ថា ដូចគ្នានេះដែរ កាកបាទក្រហមកម្ពុជា ដែលបានបំពេញប្រតិបត្ដិការមនុស្សធម៌គ្រប់សកម្មភាព គឺបានផ្ដើមចេញពីបេះដូងទាំងអស់គ្នា ក្នុងនាមជាមន្ដ្រី បុគ្គលិក យុវជនអ្នកស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងបច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា មានកម្លាំងអ្នកស្ម័គ្រចិត្ដនៅទូទាំងប្រទេសជាង ២ម៉ឺននាក់ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ជាង២ម៉ឺននាក់ ហើយកម្លាំងទាំងនេះសាខា២៥ រាជធានី-ខេត្ដ និងអនុសាខាទាំងអស់១៩២ នៅតាមស្រុក គឺសកម្មភាពទាំងអស់ ដែលពួកយើងកំពុងធ្វើនេះ គឺចេញពីបេះដូង»។

សូមជម្រាបថា ក្នុងឱកាសខួបលើកទី១៦០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នំា២០២៣នេះ កាកបាទក្រហមកម្ពុជា បានកំណត់យកប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

ដើម្បីជ្រាបកាន់តែច្បាស់ពីអត្ថន័យនៃសេចក្ដីថ្លែងការរួមរបស់ចលនាអន្ដរជាតិ ក៏ដូចជាការដាក់ចេញនូវប្រធានរបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី១៦០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣នេះ សូមទស្សនានូវកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖