(បន្ទាយមានជ័យ)៖ អនុវត្តន៍តាមការណែនាំ និងបទបញ្ជាពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនគរបាលនៅតាមបណ្តាស្រុកក្រុងទាំង៩ បានបន្តចុះផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់គ្រឿងញៀន គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋតាមក្នុងមូលដ្ឋាន។

ក្រៅពីនេះ កម្លាំងនគរបាលជំនាញក៏បានចុះផ្សព្វផ្សាយអបរំស្តីពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកដំណើរ និងកម្លាំងនគរបាលប៉ុស្តិ៍មួយចំនួន បានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋតាមខ្នងផ្ទះ។ កម្លាំងនគរបាលគ្រប់បណ្តាក្រុង-ស្រុកទាំង៩ កម្លាំងបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ ក៏បានចេញល្បាតតាមទីប្រជុំជននានា ក្នុងភូមិសាស្ត្រក្រុងដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងកម្លាំងមួយចំនួន ត្រូវបានប្រចាំការ ត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប សង្គ្រោះ ក្នុងករណីមានបទល្មើសផ្សេងៗ គ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិ ដែលអាចកើតមានជាយថាហេតុ។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ពលរដ្ឋគ្រប់ពិសេសប្អូនៗយុវជនទើបគ្រប់អាយុ និងអ្នកហួសសុពលភាពប្រើប្រាស់ សូមទៅធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា គឺទៅធ្វើនៅអធិការដ្ឋាន ក្រុង-ស្រុកទាំង៩ ដែលនៅជិតផ្ទះរបស់អស់លោកអ្នកឱ្យបានគ្រប់គ្នា ចៀសវាងមានភាពយឺតយ៉ាវនាំឱ្យបាត់បង់ឱកាសក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣៕