(កំពង់ស្ពឺ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានគូសបញ្ជាក់ថា «យើងមិនមែនត្រឹមតែដោះអន្ទាក់នៅក្នុងព្រៃនោះទេ ប៉ុន្តែយើងត្រូវតែបំបាត់ និងលុបចោលប្រភពអន្ទាក់ ដែលបានលក់ដូរនៅតាមទីតាំងមួយចំនួន»។ សម្រាប់អត្ថន័យយុទ្ធនាការអន្ទាក់សូន្យ មិនមែនត្រឹមតែផ្តល់សុវត្ថិភាពទៅដល់សត្វព្រៃនោះទេ តែសម្រាប់មនុស្ស និងសណ្តាប់ធ្នាប់សង្គមផងដែរ។

ការគូសបញ្ជាក់បែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីរួមខេត្តកំពង់ស្ពឺ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, អង្គការដៃគូ ព្រមទាំងអ្នកពាក់ព័ន្ធប្រមាណ ៥០០នាក់ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ។

នាឱកាសនោះលោក នេត្រ ភក្ត្រា បានស្នើសុំឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធពិនិត្យទៅលើទីតាំងមួយចំនួនដែលបន្តយកខ្សែហ្វ្រាំងកង់ ម៉ូតូ ព្រមទាំងឧបករណ៍មួយចំនួនដែលអាចច្នៃជាអន្ទាក់ មកដាក់លក់នៅតាមទីតាំងជិតតំបន់ ការពារធនធានធម្មជាតិ ដែលចំណុចនេះអាចនឹងលុបបំបាត់ប្រភពអន្ទាក់បាន។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានក៏បានរំលឹកថា តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នោះគឺការដកហូតនូវកាំភ្លើងកែច្នៃ តាមគោលការណ៍ស្ម័គ្រចិត្ត និងគោលការណ៍បង្ខំប្រសិនបើពួកគាត់ មិនសហការ។ ខណៈកាំភ្លើងកែច្នៃ មិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់បាញ់សត្វព្រៃទេ ប៉ុន្តែ ជនល្មើសមួយចំនួនបានប្រើប្រាស់កាំភ្លើងកែច្នៃ បាញ់តដៃជាមួយសមត្ថកិច្ច។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា រយៈពេល២ឆ្នាំ គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ មានអន្ទាក់១០ម៉ឺនអន្ទាក់ ត្រូវដោះចេញពីព្រៃ, កាំភ្លើងកែច្នៃចំនួន ១,៥០០ដើម ត្រូវបានដកហូតបានព្រមទាំងឧបករណ៍ល្មើសច្បាប់ ផ្សេងៗទៀត។ ខណៈថ្មីនៅខេត្តមណ្ឌលគីរី​ សមត្ថកិច្ចបានបង្ក្រាប ក្រុមបរបាញ់សត្វព្រៃខុសច្បាប់ ដោយដកហូតកាំភ្លើងកែច្នៃចំនួន ៦ដើម កាំភ្លើងស្វ័យប្រវត្តិ ៣ដើម និងមានគ្រាប់ជិត៤០០គ្រាប់ផងដែរ។

លោក វ៉ី សំណាង ក៏បានលើកទឹកចិត្តដល់មន្ត្រីជំនាញដកហូតសម្ភារដែលអាចច្នៃចេញជាអន្ទាក់ពីទីតាំងលក់ដូរមួយចំនួនដែលនៅជិតតំបន់ការពារធនធានធម្មជាតិ ខណៈទីតាំងនេះមិនគួរឱ្យមានដាក់ការលក់នូវខ្សែហ្វ្រាំងកង់ ម៉ូតូ ឬខ្សែផ្សេងៗទៀត ព្រមទាំងរណាយន្ត ដែលជាផ្នែកមួយបង្កើតឱ្យមានបទល្មើសធនធានធម្មជាតិ និងបំផ្លាញសត្វព្រៃ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវយ៉ាងទទូចដល់អ្នកពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាត្រូវចូលរួមទាំងអស់គ្នាលុបបំបាត់អន្ទាក់ កុំចូលព្រៃបរបាញ់សត្វព្រៃ ដើម្បីរក្សាវត្តមានសត្វព្រៃឱ្យរស់នៅគង់វង្សក្នុងព្រៃធម្មជាតិកម្ពុជា៕