(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានប្រាប់ Fresh News នៅព្រលប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះថា សាលារាជធានីភ្នំពេញ បានសម្តែងការខកចិត្តយ៉ាងដំណំ ដោយសារតែការខកខានក្នុងការរៀបចំដង្ហែសព លោកបណ្ឌិត កែម ឡី ទៅស្រុកកំណើត នាខេត្តកាកែវ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ស្អែកនេះ ដោយសារតែ ការខ្វែងគំនិតគ្នារវាងក្រុមគ្រួសារសព និងមានការផ្តល់គំនិតដោយមនុស្សមួយក្រុម។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា «សាលារាជធានីភ្នំពេញ ពិតជាមានការសោកស្តាយយាងខ្លាំង ដែលគម្រោងក្នុងការ រៀបចំដង្ហើសព លោក កែម ឡី ត្រូវបានខកខានទៅវិញ អាស្រ័យដោយការមិនស្រុះស្រួលគ្នានៅក្នុងផ្ទៃក្នុងគ្រួសារ»។ លោកថា «នៅក្នុងកិច្ចប្រជុំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដោយមាន សំណូមពរ ពីព្រះចៅអធិការវត្ត សាលារាជធានីភ្នំពេញ បានរៀបគម្រោងដើម្បីបង្កលក្ខណៈជាមធ្យោបាយសម្រាប់ការដង្ហែសពនេះ»។
លោកបានបន្ថែមទៀតថា «ជាមួយគ្នានេះក៏មានការិះគន់ និងការបញ្ចេញមតិយោបល់ជាច្រើន ពីមហាជនជុំវិញការខកខាន ការដង្ហែសពរបស់ លោក កែម ឡី ថា: -សពរបស់ លោកបណ្ឌិតកែម ឡី ត្រូវបានមនុស្សមួយក្រុម និងអ្នកនយោបាយខ្លះ ប្រើប្រាស់ ដើម្បីកេងចំណេញនយោបាយ ដោយមិនបានគិតពីប្រពៃណី សាសនា និងមនោសញ្ចេតនារវាងក្រុមគ្រួសារ ជាមួយ និងសព។-ប្រើប្រាស់ពេលវេលា នៃបុណ្យសពក្នុងការប្រមូលថវិកានឹងការសន្យាផ្សេងៗជាមួយភរិយានៃសព»។
គិតរហូតមកដល់ពេលនេះ លោកបណ្ឌិត កែម ឡី បានទទួលមរណភាព៧ថ្ងៃហើយ ខណៈសពរបស់លោកបាននិងកំពុង តម្កល់នៅក្នុងវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិច ស្ថិតនៅស្តុបបូកគោ ខណ្ឌចំការមន កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈលោកកំពុងអង្គុយទទួលទានកាហ្វេក្នុងស្តាម៉ាត។ មរណភាពរបស់លោក បានធ្វើឱ្យប្រជាពលរដ្ឋ ភាគច្រើនសម្តែងការសោកស្តាយយ៉ាងខ្លាំងហើយថ្កោលទោសនូវអំពើឃាតកម្មនេះ។
មុននេះ ប៉ុន្មានថ្ងៃគ្រួសារសព បានប្រកាសថា នឹងដង្ហែសព លោក កែម ឡី ទៅបូជានៅស្រុកកំណើតរបស់គាត់នាខេត្តតាកែវ នៅថ្ងៃស្អែកនេះ ប៉ុន្តែគម្រោងការនោះ មានការផ្លាស់ប្តូរទៅវិញ ដោយអ្នកខ្លះចង់ទុកសាកសពនេះ ឱ្យបានយូរតទៅទៀត។ ទោះជាយ៉ាងណា ចំពោះការនិយាយថា តម្កល់សពទុកនៅវត្តចាស់ឱ្យបានយូរនេះ មានទាំងអ្នករិះគន់ផង និងអ្នកគាំទ្រផង។ អ្នកគាំទ្រក៏ព្រោះតែគិតថា គាត់ជាអ្នករិះគន់ត្រង់ៗ ជាចេះដឹងម្នាក់ចង់តម្កល់ឲ្យបានយូរ ដើម្បីប្រជាពលរដ្ឋចូលរួមគោរពវិញ្ញាណក្ខន្ធ ប៉ុន្តែអ្នកមិនគាំទ្រវិញបែរចាត់ទុកថា ការតម្កល់សព យូរពេកនេះ ខុសប្រពៃណី និងដើម្បីក្រុមមួយចំនួនកេងចំណេញនយោបាយ៕