(ភ្នំពេញ)៖ ថ្ងៃស្អែកនេះពេញមួយថ្ងៃ ក្រុមហ៊ុនធំៗ ចំនួន៨ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧១៧ កន្លែងដល់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរ ការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាស ផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗទាំង៨ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ក្រុមហ៊ុន GFG, ក្រុមហ៊ុន BPC Trading Co., Ltd ធនាគារ AEON SPECIALIZED BANK (CAMBODIA) PLC. , ធនាគារ ស្ថាបនា, ក្រុមហ៊ុន BS Land & Home Co., Ltd ក្រុមហ៊ុន CAMBODIA ANGKOR AIR CO., LTD. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK , និង ក្រុមហ៊ុនIDD (Cambodia) Co., Ltd. ។

លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា កន្លងមក AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយ ក្នុងការជ្រើសរើស បុគ្គលិក ហើយក៏បានចូលរួមពិព័រណ៌ការងារថ្នាក់ជាតិកន្លងមក ផងដែរ។ កញ្ញាចាត់ទុក NEA ជាស្ថានប័នរដ្ឋមួយដ៏សំខាន់សម្រាប់ជួយដល់ និយោជក និងនិយោជិតជួបគ្នា ហើយក៏ជាកន្លែងសម្រាប់អ្នកមានបំណងផ្លាស់ប្តូរ ការងារអាចផ្លាស់ប្តូរការងារផងដែរ។

លោកស្រីបន្ថែមថា AMK ពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារនេះ ហើយ AMK ក៏នឹងនាំយកឱកាសការងារជាង ១០០ កន្លែង សម្រាប់អ្នកដែលចង់ស្វែងរការងារធ្វើនៅតាមបណ្តាសាខារបស់ AMK។ ទាំងអ្នកមានបទពិសោធន៌ និងគ្មានបទពិសោធន៌ក៏អាចចូលរួមជាមួយ AMK បានដែរ។

វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕