(តួកគី)៖ ជាតុល្យការការធ្វើរដ្ឋប្រហារដោយកម្លាំងយោធាតួកគី ក្នុងប៉ុនប៉ងទម្លាក់លោកប្រធានាធិបតី Recep Erdogan ដើម្បីក្តោបក្តាប់អំណាចរដ្ឋនោះ បានទទួលបរាជ័យទាំងស្រុង ដោយការវាយប្រហារពីកម្លាំងស្ម័គ្រស្មោះរដ្ឋាភិបាល។ ជាមួយការបរាជ័យនេះ កងទ័ពធ្វើរដ្ឋប្រហារប្រមាណជិត ៣ពាន់នាក់ត្រូវបានចាប់ខ្លួន។ រដ្ឋាភិបាលបានសម្រេចបាញ់សម្លាប់ចោលអ្នកសមគំនិតធ្វើរដ្ឋប្រហារចំនួន១០៤នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់១៩៤នាក់។
ប្រធានាធិបតីតួកគីលោក Erdogan បានអះអាងថា អំពើរដ្ឋប្រហារត្រូវបានកើតឡើងដោយលោក Fethullah Gulen អ្នកប្រាជ្ញ នៃក្រុមអ៊ីស្លាម ដែលកំពុងរស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នង។
បើតាមការចេញផ្សាយរបស់បណ្តាញព័ត៌មានអន្តរជាតិនានា បានបញ្ជាក់ថា ស្ថានការណ៍នៅក្នុងប្រទេសតួកគី ថ្វីត្បិតមិនទាន់វិលមករកប្រក្រតីឡើងវិញក្តី តែរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍បានស្ទើរទាំងស្រុងទៅហើយ។ លោកប្រធានាធិបតីតួកគី បានប្រកាសថា លោកនៅតែជាប្រធានាធិបតីតួកគី និងបន្តដឹកនាំប្រទេសនេះដដែល។
ដើម្បីទប់ទល់និងស្ថានការណ៍វឹកវរ ដោយការធ្វើរដ្ឋប្រហារនេះ រដ្ឋាភិបាលតួកគី បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ Umit Dundar ជានាយសេនាធិការស្ដីទី របស់កងទ័ពតួកគី។ ការតែងតាំងបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមេបញ្ជាការកងទ័ពតួកគី លោកឧត្តមសេនីយ៍ Hulusi Akar បានបាត់ដំណឹងសូន្យឈឹងក្នុងអំ ឡុងធ្វើកម្លាំងយោធាធ្វើសកម្មភាពដណ្តើមអំណាចរដ្ឋ។ តែរហូតដល់ល្ងាចថ្ងៃទី១៦ ខែកក្កដា នេះ មេបញ្ជាការកងទ័ពរូបនេះ ត្រូវបានសង្គ្រោះវិញហើយ ដោយរូបលោកត្រូវបានក្រុមធ្វើរដ្ឋប្រហារចាប់ឃុំខ្លួន។ លោក Hulusi Akar ក៏ត្រូវបានកងកម្លាំងពិសេសជួយរំដោះចេញមកវិញផងដែរ។
អគ្គមេបញ្ជាការយោធាកំពូលផុតលេខ របស់ប្រទេសតួកគី លោកឧត្តមសេនីយ៍ Umit Dundar ដែលទើបតែងតាំងភ្លាមៗ ដើម្បីគ្រប់គ្រងការធ្វើរដ្ឋប្រហារនេះ បានប្តេជ្ញាបន្តបោសសម្អាតយោធា ដែលមានបំណងក្បត់។
បណ្តាញព័ត៌មានអន្តរជាតិ ក៏បានឲ្យដឹងផងដែរថា ព្រឹត្តិការណ៍រដ្ឋប្រហារដ៏រំជើបរំជួលក្នុងប្រទេសនៅតំបន់អឺរ៉ុបនេះ បណ្តាលឲ្យមនុស្សកើនដល់១៩៤នាក់ ក្នុងនោះបូករួមទាំងអ្នករួមគំនិតធ្វើរដ្ឋប្រហារ១០៤នាក់ ដែលរដ្ឋាភិបាលបាញ់សម្លាប់ចោលផងដែរ។ រីឯរបួសបានកើនដល់ង ១៤៤០នាក់។
សូមបញ្ជាក់ថា កងកម្លាំងយោធាបានបើកការវាយប្រហារនៅម៉ោងទៀបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ម៉ោងនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើការ វាយប្រហារទៅលើស្ថាប័នរដ្ឋធំៗ រួមមានការបំផ្ទុះគ្រាប់បែកនៅ ស្ថាប័នសភា និង ការវាយលុកចូលទៅគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយធំៗផងដែរ។
តែទោះជាយ៉ាងណារដ្ឋប្រហារនេះ ត្រូវបានលោកប្រធានាធិបតី Erdogan ដាក់ចេញវិធានការទប់ស្កាត់ភ្លាមៗ និងប្រកាសដាច់អហង្កា ក្នុងការប្រយុទ្ធប្រឆាំង និងគាស់រំលើងឬស្សរបស់ពួកអ្នកធ្វើរដ្ឋប្រហារ។ ទីបំផុតកម្លាំងយោធា ដែលធ្វើរដ្ឋប្រហារត្រូវបានបង្រ្កាបទាំងស្រុង ខណៈប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានប្រកាសប្រឆាំងការធ្វើរដ្ឋប្រហារ និងគាំទ្ររាជរដ្ឋាភិបាល។
ទីបំផុតទៅកម្លាំងយោធា ដែលបានធ្វើរដ្ឋប្រហារបានទម្លាក់ និងលើកដៃចុះចាញ់ប្រគល់ខ្លួនឲ្យកងកម្លាំងរបស់រដ្ឋាភិបាលតួកគី។
សូមរំលឹកថា រដ្ឋប្រហារយោធានៅទៀបភ្លឺថ្ងៃទី១៦ ខែកក្កដា នេះ វាមិនមែនជារឿងថ្មីសម្រាប់ប្រទេសតួកគីនោះឡើយ ប្រទេសកាន់សាសនាឥស្លាមមួយនេះ ធ្លាប់កើតមានហេតុការណ៍រដ្ឋប្រហារដោយកម្លាំងយោធាចំនួន ៤ដងរួចមកហើយ។ រដ្ឋប្រហារដោយកម្លាំងយោធានេះ បានកើតឡើងដំបូងនៅឆ្នាំ១៩៦០ បន្ទាប់មកគឺនៅឆ្នាំ១៩៧១ ១៩៨០ និងនៅឆ្នាំ១៩៩៧៕