(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៊ីស្មា យ៉ាទុន ប្រធានក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្ដិការណ៍ប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរៀបចំយ៉ាងល្អឥតខ្ចោះ ដែលផ្ដល់ភាពទាក់ទាញខាងទេសចរណ៍ ដើម្បីដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា។
ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសតបតាមការអញ្ជើញរបស់លោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ លោកស្រីបណ្ឌិត អ៊ីស្មា យ៉ាទុន និងគណៈប្រតិភូ បានចូលរួមពិធីបើកផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅវិមានកីឡាដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ និងបានទស្សនាកម្មវិធីប្រកួតកីឡានៅវិមានកីឡដ្ឋាន ពហុកីទ្បដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក ព្រមទាំងទស្សនាទីកន្លែងសំខាន់ៗរបស់រាជធានីភ្នំពេញផងដែរ។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី។ ទស្សនកិច្ចនេះបានរៀបចំឱ្យមានកិច្ចប្រជុំទ្វេភាគី និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃស្ថាប័នទាំងពីរស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃវិស័យសវនកម្មសាធារណៈនៃប្រទេសទាំងពីរ ដោយផ្តោតកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ទាក់ទងនឹងការតាមដានការអនុវត្តអនុសាសន៍សវនកម្ម និងការរៀបចំគោលការណ៍ណែនាំ។
នៅក្នុងកិច្ចប្រជុំទ្វេភាគី អគ្គសវនករ និងប្រធានក្រុមប្រឹក្សានៃស្ថាប័នទាំងពីរបានពិភាក្សាផ្លាស់ប្តូរ និងចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសទាំងពីរ ជាពិសេសយុទ្ធសាស្រ្ត និងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីវឌ្ឍនភាពការងាររបស់ស្ថាប័នសវនកម្មកំពូលនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ស្ថាប័នទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នទាំងពីរចំពោះស្ថាប័នសវនកម្មកំពូលអាស៊ាន (ASEANSAI) ដែលអាជ្ញាធរសវនកម្មជាតិបានទទួលធ្វើជាប្រធាន កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ និងក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី បានដឹកនាំ និងទទួលបន្ទុកលេខាធិការដ្ឋាន ASEANSAI ចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន។
សូមជម្រាបថា ស្ថាប័នទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយជាបន្តបន្ទាប់បានឯកភាពរៀបចំ និងអនុវត្តផែនការសកម្មភាព ជាក់ស្តែង ភាគីឥណ្ឌូនេស៊ីធ្លាប់បានជួយបណ្តុះបណ្តាល និងធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានឹងគ្នាកន្លងទៅ ដែលរយៈពេលចុងក្រោយនេះ ស្ថាប័នទាំងពីរបានឯកភាពលើការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយឡែកសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២២ សកម្មភាពសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរត្រូវបានអាក់ខាន ដោយសារការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩។
ជាចុងក្រោយនៃកិច្ចជំនួបនេះ លោកស្រីអគ្គសវនករ និងលោកស្រីប្រធានក្រុមប្រឹក្សានៃស្ថាប័នទាំងពីរ ក៏បានពិភាក្សាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីនៃស្ថាប័នទាំងពីរ ដោយស្ថាប័នទាំងពីរបានឯកភាពផ្លាស់ប្តូរដំណើរទស្សនកិច្ចការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃស្ថាប័នទាំងពីរ និងជួយគាំទ្រគ្នាទៅវិញទៅមកដល់ការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ រួមមាន៖ បន្តការចែករំលែកចំណេះដឹងស្តីពីការតាមដានអនុសាសន៍សវនកម្ម និងការរៀបចំគោលការណ៍ណែនាំ, ការគ្រប់គ្រងការបណ្តុះបណ្តាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ឬវិទ្យាស្ថានបណ្តុះបណ្តាល៕