(ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានថា រិះគន់វិទ្យុអាស៊ីសេរីពុំបានតាមដានព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ជុំវិញការដោះស្រាយបញ្ហាទឹកជូនកសិករខេត្តបាត់ដំបងនោះទេ។
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «កសិករមួយចំនួននៅខេត្តបាត់ដំបងត្អូញត្អែរថា គ្មានទឹកគ្រប់គ្រាន់ធ្វើស្រែចម្ការ» ដែលសំដៅវាយប្រហារថា ក្រសួងកសិកម្មមិនបានធ្វើការដោះស្រាយជូនកសិករនោះទេ។
កញ្ញា រចនា បានបង្ហាញសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែមេសារបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនទៅដល់ប្រជាកសិករ ស្ដីពីបញ្ហាធាតុអាកាសរាំងស្ងួត ដែលសេចក្តីប្រកាសនេះ ត្រូវបានចេញ១៣ថ្ងៃ មុនអាស៊ីសេរីចុះផ្សាយអត្ថបទវាយប្រហារលើក្រសួងកសិកម្មថា «មិនធ្វើការ» ទៅទៀត។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ក្រសួងធ្វើការរបស់ខ្លួនហើយ។ ក្រសួងបានគិតគូរ និងត្រៀមលក្ខណៈរួចជាស្រេចទៅហើយ។ អាស៊ីសេរីទេដែលពុំបានតាមដានព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដែលមានន័យថា អាស៊ីសេរីមិនបានធ្វើការរបស់ខ្លួនឡើយ»។
កញ្ញាបានបន្តថា៖ «សូមអរគុណអាស៊ីសេរី សម្រាប់សេចក្ដីរាយការណ៍។ មន្ទីររបស់យើងគ្រប់ខេត្តក្រុងបានចុះធ្វើការងារនេះ តាំងតែពីពេលអាស៊ីសេរីមិនទាន់ចេញផ្សាយរឿងរបស់ខ្លួនផងទេ»៕