(ភ្នំពេញ)៖ លោក រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរនិងជាអ្នកនិពន្ធសៀវភៅ ប្រវត្ដិទង់ជាតិ ភ្លេងជាតិនគររាជ បានថ្លែងថានៅក្នុងមហាព្រឹត្ដិការណ៍ SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ នៅក្នុងប្រវត្ដិកីទ្បា SEA Gamesនេះ ដែលកំពុងតែប្រព្រឹត្ដិទៅដោយរលូន និងមានការចូលរួមពីមហាជនខ្មែរ និងបរទេសរាប់លាននាក់ ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ គឺពិតជាធ្វើឲ្យសាធារណមតិជាតិ និងអន្ដរជាតិមើលឃើញនិងចាត់ទុកថា ជាព្រឹត្ដិការណ៍ ដ៏មហាអស្ចារ្យមួយនៃប្រវត្ដិកីទ្បា SEA Games ដែលខ្មែរធ្វើជាម្ចាស់ផ្ទះ។

គឺក្នុងនោះមាន៖

ទី១៖ ការរៀបចំព្រឹត្ដិការណ៍ SEA Gamesនេះ ឈានដល់កម្រិតស្ដង់ដាអូទ្បាំពិក

ទី២៖ កីទ្បាករកីទ្បាការិនីខ្មែរ មានការវិវត្ដរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិញ្ញាសាទាំងអស់ និងកំពុងនាំមុខគេក្នុងការដណ្ដើមយកមេដាយយ៉ាងច្រើនជូនជាតិ មាតុភូមិដ៏ស្រស់បវររបស់ខ្លួន និងបានបំបែកកំណត់ត្រាប្រវត្ដិកីទ្បា SEA Games ដ៏មហាអស្ចារ្យផងដែរ

ទី៣៖ កីទ្បាករកីទ្បាការិនីខ្មែរ គ្រប់វិញ្ញាសារទាំងអស់ ប្រកាន់ខ្ជាប់នូវតំលៃសីសធម៌ ថ្លៃថ្នូរ តែរឹងមាំ ម៉ឺងមា៉ត់ទោះបីខ្លួនឈ្នះលើគូប្រកួតទទួលបានជោគជ័យដ៏ត្រចះត្រចង់ ឬក៏បរាជ័យ ដ៏គួរឲ្យសោកស្ដាយបំផុតក៏ដោយ ស្របតាមទស្សនថា «កីទ្បារស់ក្នុងសន្ដិភាព»

លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះ បើយើងពោលអំពីកីទ្បារស់ក្នុងសន្ដិភាពនេះទៀតសោត យើងឃើញថាកីទ្បាករកីទ្បាការិនីខ្មែរយើង ដែលបានឈ្នះលើគូប្រកួតក្នុងការដណ្ដើមយកមេដាយ ជូនជាតិ និងប្រជាជាតិយ៉ាងសប្បាយរីករាយ យ៉ាងណាក្ដី គឺនៅតែប្រកាន់ភ្ជាប់នូវគុណធម៌ សីសធម៌ ទាំងកាយ វិចារ ចិត្ត ដល់អ្នកចាញ់ជានិច្ច។ ទន្ទឹមនឹងនេះទោះបីកីទ្បាករ កីទ្បាការិនីយើងខ្លះត្រូវបានចាញ់គូប្រកួត ដ៏គួរឲ្យសោកស្ដាយយ៉ាងណាក្ដី ក៏កីទ្បាយើង តែងបង្ហាញពីក្ដីគោរពស្រទ្បាញ់ដល់ឈ្នះជានិច្ចផងដែរ។ កាយវិការទាំងនេះ បង្ហាញថាប្រជាជាតិយើង គឺសក្ដ័សមជាប្រទេសដែលមានអរិយធម៌ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម បរមបុរាណជារៀមច្បងនៅក្នុងតំបន់យើងនេះ។

ជាក់ស្ដែងកីទ្បាការិនីជាតិយើង ប៊ួ សំណាង ជាកូនស្រីខ្មែរសម្បុរស្រអែម សក់ខ្មៅរលោង ទឹកមុខញញឹមស្រស់ថ្លា មានអត្ដចរិក តស៊ូស្វិតស្វាញ ក្រាញននៀលដ៏គួរឲ្យស្រឡាញ់ ដែលបានប្រកួតវិញ្ញាសា រត់ក្នុងចម្ងាយ៥គីឡូម៉ែត្រ រត់ក្រោមដំណក់ទឹកភ្លៀង ត្រូវបានបណ្ដាញសង្គម សារព័ត៌មានជាតិនិងអន្ដរជាតិ មានដូចជា សារព័ត៌មានថៃ និងវៀតណាម ជាដើម ទាំងជាតិ និងអន្ដរជាតិមានក្ដីរំភើបញប់ញ័រ ស្រក់ទឹកភ្នែកដោយក្តីរំជួលចិត្ត និងបានចុះផ្សាយ ចែករំលែកយ៉ាងព្រោងព្រាតថា៖ «ជាលើកដំបូង ដែលគេបានឃើញមនុស្សយំមិនស្រក់ទឹកភ្នែក»។ ដោយរៀបរាប់ស្ងើចសរសើរពីការតស៊ូរបស់កីទ្បាការិនីកូនស្រីខ្មែរយើង ទោះបីជានាងមកដល់ទីក្រោយគេបង្អស់ នៅក្រោមដំណក់ទឹកភ្ញៀងហូរជោគថ្ពាល់ ជោគខ្លួនប្រាណរបស់នាងយ៉ាងណាក៏ដោយ ក៏នាងនៅតែអំណត់អត់ធ្មត់ តស៊ូទ្រាំមានវិន័យ រត់ក្រោមដំណក់ទឹកភ្លៀង និងខ្យល់ខ្លាំង ទោះចាញ់គេច្រេីនជុំយ៉ាងណា ក៏ខំរត់ទាំងលំបាក រហូតដល់ទីដៅ ប្រកបដោយសេចក្ដីថ្លៃថ្នូរជាទីបំផុត។

ដោយនាងស្រែកយំខ្លាំងៗគ្មាននរណាឮ គ្មានរំខាននរណា ទ្បើយ ជាមួយដៃកាន់ទង់ជាតិខ្មែរយ៉ាងណែន យកទង់ជាតិ មកជូតទឹកភ្នែកពោរពេញដោយស្នាមញញឹម ក្នុងស្មារតីលើកតម្កើងនិងការពារទង់ជាតិខ្លួនជាប់ជានិច្ច។ ចំពោះទឹកចិត្ដអត់ធ្មត់របស់កីទ្បាការិនី ប៊ួ សំណាង ជាក្មេងស្រី ដ៏តូចច្រទ្បឹងរបស់ខ្មែរយើងរូបនេះ គឺបានធ្វើឲ្យម្នាក់ៗ រំភើបញាប់ញ័រ ដោយក្ដីរំជើបរំជួលចិត្តផង ក្តីស្រទ្បាញ់ផង ស្រក់ទឹកភ្នែកផងដែរ។

លោក រ័ត្ន សណ្ដាប់ បន្ដថាទិដ្ឋភាពនេះក៏បានធ្វើឲ្យយើងគ្រប់ៗគ្នានឹកឃើញទៅដល់ពេលកន្លងមកនេះ នូវប្រសាសន៍របស់សម្ដេចតេជោ ហុ៊ន សែន ដែលបានលើកទ្បើងនិងចោទជាសំនួរទៅដល់ប្រជាជនទាំងក្នុងនិងក្រៅប្រទេសថា ជាលើកទី១ ហើយដែលសម្ដេចបានឃើញចៅស្រីទី២១របស់សម្ដេច យំតែមិនស្រក់ទឹកភ្នែក? យ៉ាងដូច្នោះដែរ។ គឺបានសឲ្យឃើញពីនិមិត្ដរូបស្រ្ដីក្នុងអារ្យធម៌ខ្មែរដែលគ្របដណ្ដប់ដោយពាក្យថា «មេ» បង្ហាញអំពីគុណតម្លៃស្រ្ដី គឺពិតជាកំពូលស្រ្តីដ៏ខ្លាំងក្លា មិនខុសពីទិដ្ឋភាពដែលបានបង្ហាញក្នុងព្រឹត្ដិការណ៍បើក SEA Games ស្ដីពីព្រះថោង- នាងនាគ ជាស្រ្ដីខ្មែរកាលពីបឋមកាលនោះទេ។

ត្រង់នេះខ្លឹមសារពិតប្រាកដ នៃព្រឹត្ដិការណ៍កីឡា SEA Games នៅកម្ពុជាយើងនេះ គឺបានបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ក៏ធ្វើឲ្យយើងនឹកឃើញផងដែរទៅដល់រឿងរ៉ាវរបស់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានពរពោះក្នុងផ្ទៃហើយព្រាត់សម្ដេចតេជោ ផងដែរ គឺជាការស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហ៊ាននៃការខិតខំប្រឹងប្រែង គឺជាជំហ៊ានដែលឈានទៅរកភាពជោគជ័យ៕