(ភ្នំពេញ)៖ «ការដែលលោកស្រីប្រធានវិទ្យុអាស៊ីសេរីពិភពលោក ជួបជាមួយលោក កឹម សុខា ដែលជាតារាសម្តែងមានតួនាទីប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនោះ ខ្ញុំមិនមានជំនឿថា វិទ្យុអាស៊ីសេរីជាវិទ្យុឯករាជ្យនោះទេ ជាវិទ្យុមួយដែលជាឧបករណ៍នៃការធ្វើយុទ្ធនាការគាំទ្របក្សប្រឆាំង ទៅលើរបបណាមួយ ដែលសហរដ្ឋអាមេរិក យល់ឃើញថាមិនមានប្រយោជន៍ដល់គេ» នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងឆ្លើយតបទៅនឹងសំណួររបស់កាសែតថា តើលោកយល់ណាដែរ ? ចំពោះជំនួបរវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ជាមួយលោកស្រី លីបី លូ ប្រធានវិទ្យុអាស៊ីសេរីពិភពលោក នៅថ្ងៃសៅរ៍នេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនោះ បានបញ្ជាក់ទៀតថា «វិទ្យុនេះគឺបានបន្តវេនពីវិទ្យុខ្មែរសេរី ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៦២ កាលណោះគេយកវិទ្យុនេះ ដើម្បីតតាំងជាមួយរាជរដ្ឋាភិបាលរបស់សម្តេចព្រះនរោត្តម សីហនុ ហើយបច្ចុប្បន្នគេប្រើប្រាស់វិទ្យុបរទេសមួយនេះ ជាឧបករណ៍សម្រាប់ប្រឆាំងជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដោយសារតែការផ្សព្វផ្សាយរបស់គេលំអៀងទៅរកបក្សប្រឆាំងរហូត ជាវិទ្យុសម្រាប់ឃោសនាឲ្យបក្សប្រឆាំងនេះឯង។ វិទ្យុនេះយើងឃើញថា ភ្នាក់ងាររបស់គេ តែងតែរាយការណ៍នូវអ្វីដែលជាភាពអវិជ្ជមានរបស់រាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយនឹងញុះញង់បំពុល បរិយាកាសសង្គមខ្មែរ»។
សូមជំរាបថា នៅល្ងាចថ្ងៃសៅរ៍នេះ លោកស្រី លីបី លូ (Libby Liu) ប្រធានវិទ្យុអាស៊ីសេរីទូទាំងពិភពលោក មកជួបសំណេះសំណាលជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ដែលកំពុងប្រឈមជាមួយតុលាការជុំវិញរឿងអាស្រូវផ្លូវភេទជាមួយ ស្រីមុំ នេះបើយោងតាម Facebook លោក កឹម សុខា បង្ហាញនៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
វិទ្យុអាស៊ីសេរី ដែលត្រូវបានមន្រ្តីរាជរដ្ឋាភិបាលជាច្រើនចាត់ទុកថា វិទ្យុគាំទ្រយ៉ាងពេញទំហឹងលើបក្សប្រឆាំងនៅកម្ពុជា ដែលជ្រកក្រោមស្លាក សង្គមស៊ីវិល ឬក្រោមស្លាក អ្នកវិភាគឯករាជ្យ តែងតែផ្សាយបំពុលបរិយាកាសយ៉ាងគឃ្លើន តាមរយៈភាសាដដែលៗថា បក្សកាន់អំណាច និងតុលាការកំពុងធ្វើបាប លោក កឹម សុខា៕