(ប៉ៃលិន)៖ ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ដែលមានបញ្ហាសុខភាពតែងទទួលការយកចិត្តទុកដាក់ និងព្យាបាលជំងឺជូនដោយឥតគិត ថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តដឹកនាំដោយលោកស្រី បាន ស្រីមុំ អ៉ី ឈាន អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន។
ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ លោកស្រី បាន ស្រីមុំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានបន្តដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមការងារ ចុះជួបសួរសុខទុក្ខ និង ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងភូមិអូរ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាមូលដ្ឋានដាច់ស្រយ៉ាល និងនៅឆ្ងាយពីទីប្រជុំជន ដោយមិនគិតថ្លៃសេវានោះឡើយ ។
ថ្លែងសំណេះសំណាលនាឱកាសនោះ លោកស្រី បាន ស្រីមុំ បាននាំនូវក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋ ដែលបានអញ្ជើញទទួលសេវាព្យាបាលនាពេល នេះទាំងអស់។
លោកស្រី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ និង ជីវភាពរបស់របស់ប្រជាពលរដ្ឋ។
លោកស្រី បានបន្តថា ការបង្កើតឲ្យមានផ្នែកសុខាភិបាល ជាការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ខិតសេវា សុខភាពឲ្យកាន់តែជិត និងមានភាពងាយស្រួលក្នុងការទទួលសេវាព្យាបាល និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ គ្រប់ផ្នែក ធ្វើឲ្យកាន់តែប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានក្នុងការកសាងសេដ្ឋកិច្ចគ្រួសារដ៏ចាំបាច់មួយ។
ក្នុងនាមជាអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ក្រៅពីការផ្តល់សេវាផ្នែកសុខភាពហើយ លោកស្រី បានរៀបចំកម្ម វិធីជាច្រើនផ្សេងទៀត ក្នុងការជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកផ្សេងៗ ក្នុងនោះមានការជួយដល់ចាស់ជរាគ្មាន ទីពឹង កុមារកំព្រា ស្រ្តីមានផ្ទៃពោះ និងជនងាយរងគ្រោះ និងជនរងគ្រោះពីគ្រោះថ្នាក់ផ្សេងៗ និងគ្រោះថ្នាក់ដែលបង្កឡើងពីធម្មជាតិជា យថាហេតុផងដែរ។
លោកស្រី បានអំពាវនាវ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ឲ្យទៅបំពេញ បែបបទ និងដាក់ពាក្យស្នើសុំធ្វើឲ្យបានគ្រប់ៗគ្នា ទៅតាមពេលវេលា និងទីកន្លែង ដែលអាជ្ញាធរមានសមត្ថកិច្ចបានកំណត់។
លោកស្រី ក៏សូមឲ្យប្រជាពលរដ្ឋរាយការណ៍ជូនដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ចំពោះករណី ដែលមិនទាន់បានធ្វើ ព្រោះអត្តសញ្ញាណប័ ណ្ណសញ្ជាតិខ្មែរ ជាឯកសារតែមួយគត់សម្រាប់បម្រើឲ្យការចុះបោះឆ្នោត និងបានបោះឆ្នោត នាពេលខាងមុខ។
តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិនមកគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋ ឲ្យមានគោលជំហរច្បាស់លាស់ និង រឹង មាំ កុំឲ្យចាញ់បោកអ្នកនយោបាយ ដែលតែងតែដើរបោកប្រាស់ប្រជាពលរដ្ឋ ដោយមានចរិតលក្ខណៈញុះញង់ លាបពណ៌ មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្មានមូលដ្ឋានច្បាស់លាស់។
សូមបញ្ជាក់ថា ការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិថ្លៃនេះ ធ្វើឡើងបានចំនួន ៦៧លើក មកហើយនៅស្នាក់ ការការិយាល័យអ្នកតំណាងរាស្រ្ត ដោយមានប្រជាពលរដ្ឋប្រមាណ ៣ម៉ឺននាក់រស់នៅក្នុងខេត្តប៉ៃលិន និងមួយចំនួនទៀតមកពីបណ្តា ស្រុកជាប់ព្រំប្រទល់ខេត្តប៉ៃលិន។ សេវាព្យាបាលនេះ ធ្វើឡើងដោយឥតគិតថ្លៃ ដោយពុំគិតពីនិន្នាការនយោបាយសាសនាឡើយ ហើយ រាល់សម្ភារៈបរិក្ខា និងថ្នាំពេទ្យទាំងអស់ ទទួលបានការឧបត្ថម្ភគាំទ្រពីលោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ៕