(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី រយៈពេល៣ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៦ ខែកក្កដា ឆ្នាំ២០១៦។ គណៈប្រតិភូអមដំណើរនាយករដ្ឋមន្រ្តី រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាជាច្រើននាក់ទៀត។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ បានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនរួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគត របស់ ASEM បំរែបំរួលអាកាសធាតុ ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹកព្រម ទាំងបញ្ហាតំបន់ និងអន្តរជាតិ។ កិច្ចប្រជុំខាងលើនេះ ក៏អនុម័តលើឯកសារស្តីពីលទ្ធផល នៃកិច្ចប្រជុំខាងលើ សេចក្តីប្រកាសអ៊ូឡង់បាទ័រ និងសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំផងដែរ៕