(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍នេះ លោកស្រី លីបី លូ (Libby Liu) ប្រធានវិទ្យុអាស៊ីសេរីទូទាំងពិភពលោក មកជួបសំណេះសំណាលជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងប្រឈមជាមួយតុលាការជុំវិញរឿងអាស្រូវផ្លូវភេទជាមួយ ស្រីមុំ នេះបើយោងតាម Facebook លោក កឹម សុខា បង្ហាញនៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
នៅលើ Facebook លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា «លោកស្រី លីបី លូ (Libby Liu) ប្រធានវិទ្យុអាស៊ីសេរីទូទាំងពិភពលោក បានមកជួបសំណេះសំណាលជាមួយខ្ញុំ កឹម សុខា នៅការិយាល័យខ្ញុំ ក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ ក្នុងជំនួបនេះយើងពិភាក្សាគ្នាអំពី៖ ស្ថានភាពនយោបាយ និងតួនាទីអ្នកសារព័ត៌មានចំពោះស្ថានភាពបច្ចុប្បន្ន»។
វិទ្យុអាស៊ីសេរី ត្រូវបានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលចាត់ទុកថាជា វិទ្យុគាំទ្រយ៉ាងពេញទំហឹងលើបក្សប្រឆាំងនៅកម្ពុជា ជ្រកក្រោមស្លាកសង្គមស៊ីវិល ឬ ក្រោមស្លាកអ្នកវិភាគឯករាជ្យ តែងតែផ្សាយបំពុលបរិយាកាសយ៉ាងគឃ្លើនតាមរយៈភាសាដដែលៗថា បក្សកាន់អំណាច និងតុលាការកំពុងធ្វើបាប លោក កឹម សុខា៕